ដោយៈ សរិទ្ធ/ភ្នំពេញៈ រថយន្តមួយគ្រឿង បើកចេញពីផ្ទះសំណាក់សារិកា២ បុកម៉ូតូពេញ ទំហឹង បណ្ដាលឲ្យយុវជនម្នាក់ ជាចុងភៅ បោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីម៉ោង ១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅតាម បណ្ដោយផ្លូវបេតុង ខាងមុខផ្ទះសំណាក់ សារិកា២ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឲ្យដឹងថាៈ សពជនរងគ្រោះ ឈ្មោះ សីហា អាយុ២៥ឆ្នាំ មុខរបរ ចុងភៅ នៅភោជនីយដ្ឋាន មួយកន្លែង មានស្រុកកំណើត នៅស្រុកល្វាឯម ខេត្តកណ្ដាល ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថាៈ មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ បើកម៉ូតូម៉ាកហុងដា ហ្សូមើរអ៊ិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GM-9251ធ្វើដំណើរ តាមផ្លូវបេតុង ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង យ៉ាងលឿន។
ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនដ្រា ពាក់ស្លាកលេខ ភ្នំពេញ 2AM-8866 បើកចេញពីផ្ទះសំណាក់ សារិកា២ បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបោកក្បាល ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុ រថយន្តបានបើកត្រឡប់ចូលផ្ទះ សំណាក់វិញ រួចដោះស្លាកលេខចេញ សម្ងំធ្វើដូចមិនមានរឿងអ្វីកើតឡើង។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកយករថយន្ត និងម៉ូតូរបស់ ជនរងគ្រោះ ទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វា រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឲ្យក្រុមគ្រួសារ ដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕PC