ប្រែសម្រួល : កញ្ញាដាលីស/បាសេឡូណា ៖ សហព័ន្ធបាល់ទាត់អេស្ប៉ាញបាននិយាយកាលពីថ្ងៃពុធទី០២ធ្នូថា កីឡាករ លីអូនែល ម៉េសស៊ី ត្រូវបានពិន័យជាប្រាក់ ៦០០ អឺរ៉ូ (៧២០ ដុល្លារ)ចំពោះការដោះអាវចេញដើម្បីគោរពវិញ្ញាណក្ខន្ធលោក ឌីហ្គោ ម៉ារ៉ាដូណា។
គណៈកម្មាធិការប្រកួតប្រជែងរបស់សហព័ន្ធបានពិន័យកីឡាករអាហ្សង់ទីនរូបនេះចំពោះសកម្មភាពរបស់គាត់បន្ទាប់ពីស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៤-០ របស់ Barcelona លើ Osasunaក្នុងលីកកំពូលអេស្ប៉ាញកាលពីថ្ងៃអាទិត្យ។
បន្ទាប់ពីស៊ុតបញ្ចូលទីពីក្រៅប្រអប់គ្រោះថ្នាក់ ម៉េសស៊ីបានដោះអាវខៀវឆ្នូតឈាមជ្រូករបស់ក្រុម Barcelona ដើម្បីបង្ហាញអាវពណ៌ក្រហមឆ្នូតខ្មៅរបស់លោកម៉ារ៉ាដូណាពីក្លឹបចាស់ Newell´s Old Boys របស់គាត់។ បន្ទាប់មកម៉េសស៊ីបានធ្វើកាយវិការដៃថើបមើលទៅលើមេឃ។
បន្ទាប់ពីការប្រកួតនេះ ម៉េសស៊ីបានបង្ហោះរូបថតសម្តែងការគោរពរបស់ខ្លួនរួមជាមួយរូបថតចាស់របស់ម៉ារ៉ាដូណាក្នុងឈុតអាវដដែល ដោយបន្ថែមសារថា “លាហើយ ឌីហ្គោ” ជាភាសាអេស្ប៉ាញ។ ម៉ារ៉ាដូណាបានទទួលមរណភាពកាលពីសប្តាហ៍មុននៅអាយុ ៦០ ឆ្នាំ។
សហព័ន្ធក៏បានបដិសេធការសុំទុកជាមោឃៈនូវកាតលឿងដែលបានបង្ហាញដល់ម៉េសស៊ីសម្រាប់ការដោះអាវនិងពិន័យ Barcelona ចំនួន ១៨០ អឺរ៉ូ (២១៦ ដុល្លារ) ។
ម៉េសស៊ីនិងក្លឹបអាចប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ៕
ម៉េសស៊ីដោះអាវ Barcelona បង្ហាញអាវ Newell´s Old Boys ដើម្បីសម្តែងការគោរពដល់វិញ្ញាណក្ខន្ធរបស់ម៉ារ៉ាដូណាកាលពីសប្តាហ៍មុន