ប្រែសម្រួល : កញ្ញាដាលីស/ហុងកុង៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រីសូហ្វីយ៉ា ចាន់ និយាយកាលពីថ្ងៃពុធទី២ធ្នូថា ទីក្រុងហុងកុងគ្រោងនឹងផ្តល់វ៉ាក់សាំងការពារវីរុសកូរ៉ូណាដោយឥតគិតថ្លៃដល់ប្រជាជនទាំងអស់របស់ខ្លួន ខណៈទីក្រុងនេះកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ទូរទស្សន៍សាធារណៈ RTHK បានរាយការណ៍ថា លោកស្រីចាន់បានប្រាប់ក្រុមប្រឹក្សានីតិបញ្ញត្ដិថា វ៉ាក់សាំងនឹងត្រូវផ្តល់ជូនដំបូងដល់មនុស្ស៣ លាននាក់ ដែលគេចាត់ទុកថាប្រឈមហានិភ័យខ្ពស់ឬងាយរងគ្រោះ។ អ្នកទាំងនោះរួមមានបុគ្គលិកពេទ្យ អ្នកជំងឺរ៉ាំរ៉ៃ និងមនុស្សចាស់។
លោកស្រីបន្ថែមថា ការទទួលវ៉ាក់សាំងនឹងត្រូវធ្វើតាមរយៈការស្ម័គ្រចិត្ត។
លោកស្រីបានបន្ថែមថា រដ្ឋាភិបាលបានត្រៀមថវិកាចំនួន ១០ លានដុល្លារហុងកុងដើម្បីជំរុញផ្សព្វផ្សាយនិងអប់រំអ្នករស់នៅហុងកុងអំពីកម្មវិធីចាក់វ៉ាក់សាំង។
លើសពីនេះទៀត និយតកររបស់រដ្ឋាភិបាលនឹងធ្វើឱ្យការចុះបញ្ជីវ៉ាក់សាំងកូវីដ១៩ក្លាយជាអាទិភាព នៅពេលវ៉ាក់សាំងអាចរកបាន។
ទូរទស្សន៍ RTHK ដកស្រង់សម្តីលោកស្រីចាន់យ៉ាងដូច្នេះថា “យើងនឹងពន្លឿននីតិវិធីត្រួតពិនិត្យខណៈធានាបាននូវសុវត្ថិភាពប្រសិទ្ធភាពនិងគុណភាពវ៉ាក់សាំង។អាជ្ញាធរនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីអនុញ្ញាតឱ្យប្រើវ៉ាក់សាំងណាមួយដែលត្រូវបានបញ្ជាក់ថាមានសុវត្ថិភាពនិងមានប្រសិទ្ធភាព។ យើងនឹងមិនទាត់ចោលការណែនាំនូវច្បាប់គ្រាអាសន្ននោះទេ នៅពេលចាំបាច់”។
លោកស្រីលាតត្រដាងថា រដ្ឋាភិបាលគ្រោងនឹងទិញវ៉ាក់សាំងកូវីដ១៩ចំនួន២ដូសសម្រាប់ពលរដ្ឋហុងកុងនីមួយៗ ហើយថាវ៉ាក់សាំងនឹងមកពីក្រុមហ៊ុនយ៉ាងតិចក៏ពីរដែរ៕
មន្ត្រីសុខាភិបាលហុងកុងនិយាយថា រដ្ឋាភិបាលមានផែនការទិញវ៉ាក់សាំង២ដូសសំរាប់ប្រជាជនហុងកុងម្នាក់ៗ