ដោយ: សរិទ្ធ / ភ្នំពេញ: ប្រជាពលរដ្ឋបានប្រទះឃើញ ពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែល២០គីឡូក្រាម កំពុងឆ្វាយរង្វេលខ្លួននៅលើដើមជ្រៃកាលពីម៉ោង៩ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេប្រទះឃើញពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែល២០ គីឡូក្រាម កំពុងរួមខ្លួនដេកនៅលើដើមជ្រៃ មួយដើម ដោយមិនដឹងថាប្រភពពស់ថ្លាន់មួយក្បាលនេះមកពីណានោះទេ។ បន្ទាប់មកប្រជាពលរដ្ឋក៏បានទំនាក់ទំនង ទៅកម្លាំងសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ ដើម្បីយកពស់មួយក្បាលនេះប្រគល់ឲ្យខាងអភិរក្សយកពស់មួយក្បាលនេះយកទៅមើលថែ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ទំនាក់ទំនងទៅខាងអភិរក្ស សត្វព្រៃឡើងយកសត្វពស់ថ្លាន់មួយក្បាលនេះ យកទៅទុកនៅ រមណីយដ្ឋានភ្នំតាម៉ៅ៕