ដោយ: វណ្ណៈ / ព្រះសីហនុ: រថយន្តមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដែលមានដឹកសំណាកកូវីដ១៩ ទៅមន្ទីរពិសោធន៍បាស្ទ័រ ក្រុងភ្នំពេញ បានបុកម៉ូតូរ៉ឺម៉កនៅតាមផ្លូវជាតិលេខ៤ បណ្តាលឲ្យបុរស់ម្នាក់ស្លាប់ ខណៈបញ្ជូនយកទៅសង្គ្រោះ កាលពីម៉ោង៦និង២០នាទីព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០២០ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីមន្ត្រីពេទ្យខេត្តព្រះសីហនុបានឲ្យដឹងថា អ្នកបើកបររថយន្តសាមុយនេះ មិនបានរត់គេចខ្លួនទេ និងរងរបួសមធ្យម ហើយកំពុងសម្រាកព្យាបាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្ការលក់ចល័តនោះ ឈ្មោះ រាម ទូច ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង បានរងរបួសធ្ងន់ធ្ងរ ហើយបានដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះ។
បច្ចុប្បន្នរថយន្តនិងម៉ូតូ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា៕