ដោយ: ចាន់តូ / ភ្នំពេញ: ក្រោយពីមានព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានផ្ទុះឡើង កាលពីយប់ថ្ងៃទី១ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដោយ១លានសម្រាប់រាជធានីភ្នំពេញ និង ១លានសម្រាប់ ខេត្តសៀមរាប។ នេះជាលើកទី២ហើយ ដែលសម្តេចតេជោ បានបញ្ចេញម៉ាសចែកជូនដល់ពលរដ្ឋ ដែលកាលពីលើកទី១ សម្តេចក៏បានបញ្ចេញម៉ាសចំនួន២លានដូចគ្នា។
នៅព្រឹកថ្ងៃទី៣វិច្ឆិកានេះ លោកស្រី សាយ សុនិតា ចៅសង្កាត់កាកាបទី២ លោក ឡុង ណារ៉ា ចៅសង្កាត់រង ក្រុមប្រឹក្សា និងមន្ត្រីសង្កាត់ ដោយបានទទួលភារកិច្ចពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានចេញប្រតិបត្តិការចុះចែកម៉ាសជូនប្រជាពលរដ្ឋទូទៅ។
លោកស្រីចៅសង្កាត់ ចៅសង្កាត់រង បានដឹកនាំក្រុមការងារដោយផ្ទាល់ ចុះធ្វើការចែកម៉ាស ជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន តាមទីប្រជុំជន តាមផ្សារ ផ្លូវសាធារណៈ ក្នុងសង្កាត់កាកាបទី២ និងឆ្លៀតឱកាសធ្វើការ ផ្សព្វផ្សាយសេចក្ដីណែនាំ បន្ថែមពីក្រសួងសុខាភិបាល តាមការចាក់ផ្សាយតាមឧគ្ឃោសនស័ព្ទបំពាក់នៅលើម៉ូតូកង់បី ស្តីពីការ បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ-១៩ ដើម្បីរំលឹកដល់ពលរដ្ឋទូទៅ ឲ្យចូលរួម បង្ការ ទប់ស្កាត់ នូវជំងឺដ៏កាចសាហាវមួយនេះ ទាំងអស់គ្នា៕