ដោយ: គង់ហេង/ ត្បូងឃ្មុំ: មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើក្រូចឆ្មារបានរងការចោទប្រកាន់ថា បានប្រើប្រាស់ច្រើនរូបភាព នៃឃុបឃិតជាមួយឈ្មួញដឹកជញ្ជួនឈើតាមរឺម៉ក រថយន្ត និងទូកកាណូតពីទិសខេត្តក្រចេះឆ្លងកាត់ភូមិសាស្ត្រស្រុកក្រូចឆ្មារ ដោយមិនបានចាត់វិធានការបង្ក្រាបបទល្មើសតាមនីតិវិធីឡើយ។ ប៉ុន្តែមន្ត្រីជានាយខណ្ឌរដ្ឋបាលមួយនេះ បានកោះហៅមន្ត្រីពីររូបខាងលើមកឆ្លើយបំភ្លឺនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។
មន្ត្រីដែលរងការចោទប្រកាន់ថា បានឃុបឃិតជាមួយឈ្មួញឈ្មោះលោក កែវ សុខជា និងលោក សាន់ សុខវ៉ាន់ មានឋាន:ជានាយរងសង្កាត់រដ្ឋបាលព្រៃឈើក្រូចឆ្មារដូចគ្នា។
ប្រភពព័ត៌មានពីស្រុកក្រូចឆ្មារបានប្រាប់រស្មីកម្ពុជានាពេលថ្មីៗ នេះថា ក្នុងនោះរយ:ពេលច្រើនឆ្នាំហើយលោកនាយរងរដ្ឋបាលព្រៃឈើក្រូចឆ្មារ កែវ សុខជា បានជ្រើសរើសយកទីតាំងផ្លូវបំបែករវាងថ្នល់កៅស៊ូចំណុចភូមិជំនីក និងផ្លូវលំមកកាន់ឃុំឈូក និងស្រុកត្បូងឃ្មុំ។ ដើម្បីដាក់ប៉ុស្ត៍ខុសច្បាប់ ឬហៅថាកុងត្រូលជជុះនោះ។
ប្រភពព័ត៌មាននោះបានឱ្យដឹងទៀតថា ដើម្បីទារប្រាក់ខុសច្បាប់ពីឈ្មួញដឹកជញ្ជួនឈើគ្មានការអនុញ្ញាតតាមរឺម៉ក មួយគ្រឿងៗផ្ទុកឈើកែច្នៃហើយពី មួយ ទៅ បី ម៉ែត្រគូប និងរថយន្តប្រភេទទេសចរណ៍១២កៅអី(ដោះកៅអីចេញ)ពី ពីរ ដល់ ប្រាំ ម៉ែត្រគូប។ ដោយក្នុងមួយថ្ងៃឆ្លងកាត់ពី ១០ ទៅ ២០គ្រឿង។ ចំណែកតាមទូកកាណូតមួយគ្រឿងផ្ទុកពី ១០ ទៅ ២០ ម៉ែត្រគូប និងមួយថ្ងៃចូលចតនៅកំពង់ទឹកតំបន់នោះរង្វង់ប្រហែល មួយ ទៅ ប្រាំគ្រឿង។
ប្រភពដដែលបាននិយាយថា ជាក់ស្តែងកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅឈ្មោះ សា រំលី បានលួចដឹកជញ្ជួនឈើចំនួន បី ទូកកាណូតពីខេតត្តក្រចេះ បានយកមកចតនៅកំពង់ទឹកខាងមុខផ្សារជំនីកចំនួន មួយ ទូក និងបានពន្លិចឈើចំនួន ពីរ ទូកនៅក្បែរកំពង់ទឹកដដែល។ ដើម្បីរក្សាទុកលើកឡើងគោកលក់ចែកចាយបន្ត។
ប្រភពបានបន្ថែមថា ប៉ុន្តែនៅរសៀលថ្ងៃដដែលនោះក្រុមអ្នកសារព័ត៌មានមួយក្រុមបានប្រទះឃើញទូកឈើមួយគ្រឿងរបស់ឈ្មោះសា រំលី នោះ ហើយបានប្តឹងទៅសមត្ថកិច្ចរដ្ឋបាលព្រៃឈើប្រចាំការតំបន់នោះ បែរជាបានពន្យារពេលច្រើនម៉ោងរហូតយប់ជ្រៅបានបញ្ជួនមន្ត្រីរដ្ឋបាលព្រៃឈើពីខេត្តទៅ ដោយសំអាងថាផ្លូវឆ្ងាយមានការលំបាកធ្វើដំណើរ។ ដោយមិនបានបញ្ជាទៅមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំការនៅទីនោះឡើយ គឺទុកឱកាសឱ្យឈ្មួញឈើរំដោះ ឬជម្លៀសឈើ និងទូកជាវត្ថុតាងចេញពីកន្លែងប្រព្រឹត្តបទល្មើស បណ្តាលឱ្យជាលទ្ធផលនៅសល់ឈើប្រមាណជាង បី ម៉ែត្រគូប នៅព្រឹកថ្ងៃទី ២៦ វិច្ឆិកាស្អែកឡើង ហើយបានប្រគល់ឈើ និងទូកជាវត្ថុតាងនោះឱ្យទៅឈ្មួញរកស៊ីខុសច្បាប់ថែមទៀត។
ប្រភពបានចោទប្រកាន់បន្តថា នៅយប់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២០ មានរថយន្តប្រភេទទេសចរណ៍ក្លាយខ្លួនដឹកឈើខុសច្បាប់ពីទិសខេត្តក្រចេះជាច្រើនគ្រឿង គឺអ្នកសារព័ត៌មានបានប្តឹងសូមឱ្យជួយបង្ក្រាប ទប់ស្កាត់ គឺលោក កែវ សុខជា បានប្រើល្បិចបបួលគ្នាបើករថយន្តគេចចេញមិនបង្គ្រាប គឺបានកម្លាំងខាងមន្ត្រីនគរបាលម្នាក់ជួយបង្ក្រាបចាប់ឈើតែមួយរថយន្តរឹបអូសមករក្សាទុកនៅឃ្លាំងរដ្ឋបាលព្រៃឈើនៅទន្លេបិទ។ ដោយប្រើស្ទីលពន្យារពេលដដែល គឺបញ្ជាឱ្យមន្ត្រីពីខេត្តចុះទៅធ្វើការ។
ប្រភពនោះបាននិយាយចោទប្រកាន់ទៀតថា នៅរសៀលថ្ងៃទី ២ ខែធ្នូបទល្មើសដឹកជញ្ជួនឈើតាមរថយន្តចំនួន បួន គ្រឿងគ្មានការអនុញ្ញាតបានកើតឡើងម្តងទៀត បានបើកបរតាមផ្លូវបំបែកជំនីក-ឈូក។ ខណ:នោះបានកម្លាំងខាងយោធាខេត្តត្បូងឃ្មុំបានសហការបង្ក្រាបចាប់បានរថយន្តដឹកឈើនោះចំនួន ពីរ គ្រឿង ឯពីរគ្រឿងទៀតគេចបាត់ ហើយបានប្រគល់ឱ្យមន្ត្រីរដ្ឋបាលព្រៃឈើលោក កែវ សុខជា និងលោក សាន់ សុខវ៉ាន់ ។
ប្រភពដដែលបានបន្តថា ប៉ុន្តែអ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើល គឺក្រោយពេលខាងមន្ត្រីយោធាជាអ្នកបង្ក្រាបប្រគល់ទាំងឈើ និងរថយន្តទាំងពីរគ្រឿងហើយ ស្រាប់តែលោក កែវ សុខជា និងលោក សាន់ សុខវ៉ាន់ បានប្រគល់រថយន្តពីរគ្រឿងជាមធ្យោបាយប្រព្រឹត្តបទល្មើសទៅកាន់ឈ្មួញឈើវិញ គឺយកតែឈើ។ ដោយបញ្ជាក់ថា «ថ្នាក់លើបញ្ជាឱ្យធ្វើអ៊ីចឹង»។
ជុំវិញការចោទប្រកាន់ករណីចោទប្រកាន់មន្ត្រីរដ្ឋបាលព្រៃឈើទាំងពីររូបខាងលើនៅថ្ងៃទី ២ខែធ្នូ ឆ្នាំ២០២០យើងបានសុំការឆ្លើយបំភ្លឺតាមទូរស័ព្ទពីលោក កែវ សុខជា ជាច្រើនដង ប៉ុន្តែគ្មានអ្នកទទួល។
ប៉ុន្តែលោក នង រ៉ានី ជានាយសង្កាត់រដ្ឋបាលព្រៃឈើក្រូចឆ្មារបានឆ្លើយនៅថ្ងៃទី២ ធ្នូដដែលថា ករណីដាក់ប៉ុស្ត៍នៅផ្លូវបំបែកជំនីកនោះ គឺប្រចាំការដោយ កែវ សុខជា ជានាយរងសង្កាត់ ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ គឺមិនមែនដាក់កុងត្រូលជជុះទេ។ តែលោកនឹងស៊ើបអង្កេត បើបញ្ហានេះដូចចោទប្រកាន់ទារលុយពីឈើ និងឃុបឃិតមិនបង្ក្រាបមែននោះ លោកនឹងចាត់វិធានដកគាត់( លោក កែវ សុខជា )មកសង្កាត់វិញ។
លោកនាយសង្កាត់បានបន្តថា មួយរយ:នេះរូបលោកបាន និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះឯរាជធានីភ្នំពេញ។ ដោយបានផ្ទេរប្រគល់ភារកិច្ចដឹកនាំ គ្រប់គ្រងការងារជំនួស ឱ្យទៅលោក កែវ សុខជា ជានាយរងសង្កាត់រដ្ឋបាលក្រូចឆ្មារ។
ទាក់ទងករណីនេះដែរលោក ប៉ូ លីណា ជានាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំបានឱ្យដឹងតាមទូស័ព្ទនៅព្រឹកថ្ងៃទី ៣ ខែធ្នូថា ករណីចោទប្រកាន់លើមន្ត្រីរដ្ឋបាលព្រៃឈើក្រូចឆ្មារនេះ គឺនៅព្រឹកថ្ងៃទី ៣ ធ្នូនេះខាងលោកបានកោះហៅលោក កែវ សុខជា និងលោក សាន់ សុខជា ជានាយរងសង្កាត់រដ្ឋបាលព្រៃឈើក្រូចឆ្មារដូចគ្នាឡើងមកខណ្ឌដើម្បីធ្វើរបាយការណ៍បំភ្លឺ។
តាមសម្តីអ្នកស៊ើបអង្កេតបទល្មើសព្រៃឈើបានឱ្យដឹងថា សកម្មភាពដឹកជញ្ជួនឈើខុសច្បាប់ពីខេត្តក្រចេះ ឆ្លងកាត់ខេត្តត្បូងឃ្មុំ ទៅលក់ចែកចាយបន្តនៅខេត្តព្រៃវែង គឺក្រៅពីឆ្លងកាត់ស្រុកក្រូចឆ្មារ គឺឈ្មួញឈើបានដឹកជញ្ជួនឆ្លងកាត់ផ្លូវជាតិលេខ៧៣ ស្រុកតំបែរ និងផ្លូវជាតិលេខ៧ ស្រុកមេមត់ គឺតាមរឺម៉ក និងរថយន្តប្រភេទទេសចរណ៍កែច្នៃដូចគ្នា៕