ដោយ: សរិទ្ទ /ភ្នំពេញ: តារាលក់ឡេ Love Riya នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ បានមកតុលាការដើម្បីបំភ្លឺក្នុងនាមជាសាក្សី នៃជម្លោះរវាង ទ្រី ដាណា និងទ្រី សុផានិត។
អ្នកនាង Love Riya បានចូលខ្លួនមកឆ្លើយបំភ្លឺតាំងពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១១ និង៣០នាទី ទើបបញ្ចប់ហើយ នគរបាលការពារសន្តិសុខតុលាការ បានជំរុញឲ្យនាងចាកចេញពីតុលាការគេចចេញពីការផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ប៉ុន្តែមុនពេលចាកចេញ នាងបាននិយាយ ២ទៅ ៣ម៉ាត់ប៉ុណ្ណោះ ជាមួយអ្នកយកព័ត៌មាន។ Love Riya បានបញ្ជាក់ថា នាងមកឆ្លើយបំភ្លឺឲ្យតុលាការក្នុងនាមជាសាក្សី នៃសំណុំរឿង ជម្លោះបរិហារកេរ្តិ៍ប៉ុណ្ណោះ ដើម្បីបញ្ជាក់ការពិត។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ទ្រី សុផានិត ជាជនជាប់ចោទត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីការបស់លោកចៅក្រម ហម ម៉េងសែ ដើម្បីមកសាកសួរតាមការសម្រេចចោទប្រកាន់របស់តំណាងអយ្យការ ប៉ុន្តែពេលមកដល់ខ្លោងទ្វារតុលាការជនជាប់ចោទ បានដួលសន្លប់ ហើយតុលាការបានសម្រេចប្រគល់ ទ្រី សុផានិត ឲ្យក្រុមគ្រួសារថែរក្សាសុខភាពសិន។
ជាការកត់សម្គាល់ នៅពេលលោកស្រី ទ្រី សុផានិត ដួលសន្លប់ អ្នកនាង Love Riya ក៏មានវត្តមានទីនោះផងដែរ។ លោកស្រី ទ្រី សុផានិត ត្រូវបានអយ្យការអមសាលាដំបូង ចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ជាសាធារណៈ បទញុះញង់ឲ្យរើសអើង និងបទការប្រកួតប្រជែងមិនស្មោះត្រង់ ហើយត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២០ តាមបណ្ដឹងរបស់លោកស្រី ទ្រី ដាណា ដែលជាប្អូនស្រីបង្កើត៕