Home ព័ត៌មានអន្តរជាតិ បាតុករ​ថៃ​ផ្ត...

បាតុករ​ថៃ​ផ្តោត​គោលដៅ​លើ​ការវិនិយោគ​អចលនទ្រព្យ​រាប់ពាន់​លាន​ដុល្លារ​របស់​ស្តេច​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាងកក ៖ បាតុកម្ម​នៅ​ថៃ​ចង់បាន​សិទ្ធិ​លើសពី​ការរិះគន់​របបរាជានិយម​ដោយ​ពួកគេ​គ្មាន​ការភ័យខ្លាច​ជាប់ពន្ធនាគារ​ទៅ​ទៀត​ឡើយ​។ ពួក​អ្នក​តវ៉ា​ចង់​ឱ្យ​អ្នក​ជាប់ពន្ធ​ទាំងអស់​ គ្រប់គ្រង​លើ​ការវិនិយោគ​និង​អចលនទ្រព្យ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ថែម​ទៀត​។​

​គ្រួសារ​រាជវង្ស​របស់​ថៃ​គឺ​ជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ​ក្នុងចំណោម​ក្រុមហ៊ុន​មានតម្លៃ​បំផុត​ចំនួន​ពីរ​របស់​ប្រទេស​គឺ​ធនាគារ Siam Commercial Bank Pcl និង ក្រុមហ៊ុន Siam Cement Pcl,​ព្រម​​ទាំង​អចលនទ្រព្យ​ជាច្រើន​កន្លែង​នៅ​កណ្តាល​ទីក្រុង​បាងកក ដែល​មាន​ផ្សារ​ទំនើប សណ្ឋាគារ​ប្រណីត និង​ការិយាល័យ​ខ្ពស់កប់ពពក​។ ការវិនិយោគ​ទាំងអស់​នេះ​ដែល​បាន​បញ្ជាក់​ដោយ​កំណត់ត្រា​សា​ធា​​រណៈ​ថ្មីៗ​នេះ បានដាក់​របប​រាជាធិបតេយ្យ​ថៃ​នៅ​ក្នុង​អាជីវកម្ម​ជា​មួយ​ពួក​ឧកញ៉ា​ថៃ ជាហេតុ​ជួយ​ពង្រឹង​អំណាច​ស្តេច​ដល់​កម្រិត​កំពូល​។​

​អ្វី​ដែល​ថ្មី​គឺ​កម្រិត​នៃ​ការ​លាតត្រដាង​ជា​សាធារណៈ​អំពី​ការវិនិយោគ​របស់​ស្តេច ដែល​ជំរុញ​បិទបាំង​ដោយ​ការកែ​ច្បាប់​ក្នុង​ឆ្នាំ ២០១៧ និង ២០១៨ ដែល​អនុម័ត​ដោយ​សភា​តែងតាំង​ដោយ​យោធា​ដោយ​​គ្មាន​ការជជែក​ដេញដោល​ជា​សាធារណៈ​។ ឥឡូវ​បញ្ហា​នេះ​បាន​ក្លាយជា​ការស្រែក​តវ៉ា​មួយ​សម្រាប់​ក្រុម​បាតុករ ដែល​ដើរ​តាម​ដងផ្លូវ​ជា​ទៀងទាត់​ក្នុង​ទីក្រុង​បាងកក​ដោយ​ពេល​ខ្លះ​មាន​អ្នកចូលរួម​រាប់​​សែន​នាក់​។​

​ការកែ​ច្បាប់​ទាំងនោះ​បាន​ផ្តល់​អំណាច​ឱ្យ​ព្រះមហាក្សត្រ​មហា វិជ្ជ​រ៉ា​ឡុងកន​ក្នុង​ការដាក់​ព្រះនាម​របស់​ទ្រង់​ជា​ម្ចាស់​លើ​ទ្រព្យសកម្ម​ទាំងអស់​នៅ​ការិយាល័យ​រាជទ្រព្យ ជាទី​ភ្នាក់ងារ​មួយ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​​វាំង មិន​ថា​អ្នកណា​ឡើង​អង្គុយ​លើ​រាជបល្ល័ង្ក​នោះឡើយ​។ នោះ​គឺជា​ការកែតម្រូវ​លើកដំបូង​ចំពោះ​ច្បាប់​ស្តីពី​ទ្រព្យសម្បត្តិ​របស់​ព្រះរាជា​ក្នុង​រយៈពេល​ប្រហែល ៧០ ឆ្នាំ​។​

​ការកែប្រែ​ច្បាប់​នោះ​គឺ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ព្រះរាជា​អង្គ​នេះ​គឺជា​បុរស​ម្នាក់​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​មួយ​រូប​នៅ​អាស៊ី​។

​ច្បាប់​ទាំងនោះ​បង្រួម​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​និង​ទ្រព្យសម្បត្តិ​ដែល​គ្រប់គ្រង​ដោយ​ការិយាល័យ​ទ្រព្យសម្បត្តិ​ស្តេច​ហើយ​បាន​ដកហូត​តួនាទី​របស់​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ចេញពី​ប្រធាន​ភ្នាក់ងារ​​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ស្តេច​។​

​ក្រុមនិស្សិត ដែល​បាន​ធ្វើ​ការតវ៉ា​ចាប់តាំងពី​ពាក់កណ្តាល​ខែ​កក្កដា គឺ​រួមមាន​ក្រុម​រណសិរ្ស​បង្រួបបង្រួម​ធម្ម​សាត និង ក្រុម​បាតុកម្ម ដែល​បាន​បង្កើត​នូវ​ការទាមទារ​ចំនួន ១០ ចំណុច​ដើម្បី​ដោះស្រាយ​​បញ្ហា​ជាមួយ​របបរាជានិយម​។ ពួក​និស្សិត​កំពុង​ស្វែងរក​ការលុបចោល​ច្បាប់​ដែល​ទើប​កែ​នោះ និង​ទាមទារ​ឱ្យមាន “​ការបែងចែក​ច្បាស់លាស់​” រវាង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​ស្តេច និង​ទ្រព្យសម្បត្តិ​​ផ្សេង​ទៀត​របស់​វាំង​។​

​លោក​ផា​រិត ជីវ៉ា​រ៉ាក់ មេដឹកនាំ​តវ៉ា ដែល​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ថ្មីៗ​នេះ បាន​និយាយ​តាម​ទូរស័ព្ទ​កាលពី​ខែ​កញ្ញា​ថា​”​អំណាច​របស់​រាជានិយម​មិន​ត្រឹមតែ​មាន​កំណត់​ក្នុង​នយោបាយ​ប៉ុណ្ណោះ​ទេ​​ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ផង​ដែរ​។ ឥឡូវនេះ​ព្រះរាជា​កាន់កាប់​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ធំៗ​មួយចំនួន​របស់​ប្រទេស កាន់កាប់​អចលនទ្រព្យ និង​មាន​ទំនាក់ទំនង​ជាមួយ​អាជីវកម្ម​ធំៗ​ជាច្រើន​​នៅក្នុង​ប្រទេស​”​។​

​សូមបញ្ជាក់​ថា គ្រួសារ​ស្តេច​ត្រូវបាន​ការពារ​ដោយ​ច្បាប់​ស្តីពី​ការប្រមាថ​ព្រះ​ចេស្តា ដែល​ហាម​ដាច់ខាត​ការជជែក​ដេញដោល​អំពី​ហិរញ្ញវត្ថុ​របស់​វាំង​៕

ក្រុមនិស្សិត​ថៃ​ធ្វើការ​តវ៉ា​តាម​ដងផ្លូវ​តាំងពី​ពាក់កណ្តាល​ខែ​កក្កដា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular