ដោយ: សរិទ្ធ / ពោធិ៍សាត់: កុមារា២នាក់បងប្អូនបង្កើតបានលង់ទឹករណ្ដៅដីស្លាប់យ៉ាងសង្វេគគ្រាដែលឪពុករវល់ដឹកសត្វក្របីយកទៅឲ្យផឹកទឹក រីឯម្ដាយក៏ជាប់រវល់កើបស្រូវនៅលានខាងក្រោយផ្ទះ ដែរនោះ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤ រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចរណ្ដៅដី(អាអ៊ិច)កាយផ្នែកខាងជើងផ្ទះចម្ងាយប្រមាណ៥០ម៉ែត្រ ស្ថិតនៅភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
កុមារារងគ្រោះជាបងឈ្មោះ គា តុលា អាយុ ៦ឆ្នាំ និងកុមារាប្អូនឈ្មោះ គា សីហា អាយុ ៥ឆ្នាំ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ សាន គា អាយុ ២៧ឆ្នាំ មុខរបរ កសិករ និងម្ដាយឈ្មោះ វ៉ែន ចាន់ អាយុ ៣៧ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុឪពុកម្ដាយឃើញកូនៗនាំគ្នាលេងនៅមុខផ្ទះ ខណៈនោះឪពុកបានដឹកក្របីយកទៅឲ្យផឹកទឹកនៅឯស្ទឹង ដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រពីផ្ទះ។ ចំណែកម្ដាយទៅកើបស្រូវលានផ្នែកខាងក្រោយផ្ទះ កំពុងតែនាំគ្នារវល់បែបនេះស្រាប់តែបាត់កូនៗអត់ដឹងទៅណា ទើបនាំគ្នាឆោឡោចែកផ្លូវគ្នាដើររក ក៏ប្រទះឃើញស្បែកជើងនៅមាត់រណ្ដៅ(អាអ៊ិច) កាយយកទឹកដើម្បីប្រើប្រាស់ ក៏មានការសង្ស័យនាំគ្នាចុះរាវក្នុងទឹកជម្រៅប្រមាណ៤ម៉ែត្រ ប្រទះឃើញស្លាប់អស់ទៅហើយបានត្រឹមនាំគ្នាទ្រហោរយំប៉ុណ្ណោះ។
ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ករណីកុមារាលង់ទឹកស្លាប់យ៉ាងរន្ធត់នេះ គេឃើញសមត្ថកិច្ចនគរបាលចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ផងដែរ ទើបធ្វើកំណត់ហេតុប្រគល់សពជូនឪពុកម្ដាយ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕