ដោយ: សរិទ្ធ / ភ្នំពេញ: អាល់កុលចំនួន៥០ប៊ីដុង បានត្រូវមន្ត្រីជំនាញមិនអនុញ្ញាតឱ្យចរាចរលើទីផ្សារបណ្តោះអាសន្ន រង់ចាំលទ្ធផលវិភាគពីមន្ទីរពិសោធន៍សិន។
ការសម្រេចបែបនេះ បានធ្វើឡើងក្រោយពេលដែលរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការសហការពីមន្ត្រីនៃនាយកដ្ឋានមន្ទីរពិសោធន៍ បានចុះត្រួតពិនិត្យទីតាំងស្តុក និងចែកចាយអាល់កុលមួយកន្លែងមានឈ្មោះ “សេងគា” ស្ថិតនៅផ្ទះលេខ ១៥២Eo ផ្លូវលេខ១០៧ ភូមិ៤ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០២០។
ក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញមានអាល់កុលច្រកក្នុងប៊ីដុង៣០លីត្រ សរុបចំនួន៥០ប៊ីដុងដែល៣៩ប៊ីដុងមានប្រភពពីសិប្បកម្មផលិតអាល់កុលក្នុងស្រុកកោះធំ និង១១ប៊ីដុងទៀតមានប្រភពពីក្រុមហ៊ុន SKD ហើយនិងស្រាអង្ករចំនួន២០លីត្រ។ បន្ទាប់មក មន្ត្រីជំនាញបានសម្រេចបិទសៀលលើប៊ីដុងទាំងនោះ និងមិនអនុញ្ញាតឱ្យចរាចរលើទីផ្សារបណ្តោះអាសន្ន រង់ចាំលទ្ធផលវិភាគដែលបានបញ្ជូនមកពីមន្ទីរពិសោធន៍សិន៕