ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ ស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង ទទួលផែនប្រឆាំង គ្រឿងញៀន លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងនៅថ្ងទី៣ ធ្នូនេះថាៈ នៅក្នុង រយៈពេល ៣ថ្ងៃជាប់ៗគ្នា នគរបាលប្រឆាំងគ្រឿងញៀន ខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួន ជនសង្ស័យ ចំនួន ៥នាក់ រួមនឹងវត្ថុតាង ពាក់ព័ន្ធករណីជួញដូរ និងចែកចាយ គ្រឿងញៀន នៅទីតាំង ៣ ផ្សេងគ្នា នៅក្នុងខេត្តកំពង់ឆ្នាំង ក្រោយពីបានរាយការណ៍ជូន លោកឧត្តម សេនីយ៍ទោ ខូវលី ស្នងការនគបាលខេត្ត និងមានការសម្របសម្រួល ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដើម្បីយកមកបង្ហាញមុខ ជាសាធារណៈ។
លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងថាៈ ករណីទី១ នៅវេលាម៉ោង ៥និង៣០ នាទី ថ្ងៃទី៣០ វិច្ឆិកា នៅចំណុចភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង សមត្ថកិច្ច បានឃាត់ខ្លួនអ្នកសមគំនិតជួញដូរ យកការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ចំនួន ពីរ នាក់គឺៈ ១.ឈ្មោះ រឿង មនោ អាយុ ២៦ ឆ្នាំ និង២.ឈ្មោះ ចាន់ ផល្លា អាយុ ២៥ ឆ្នាំ ។ បុរសទាំងពីរនាក់នេះ មានមុខរបរ មិនពិតប្រាកដ ដូចគ្នា និងរស់នៅក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ជាមួយគ្នា ។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូត ទូរស័ព្ទដៃ មួយគ្រឿង ទូកបាឡាស្មាច់ មួយគ្រឿង ដាវ១ដើម និងឧបករណ៍បម្រើ ដល់ការជក់មួយចំនួន ។
ករណីទី២ នៅវេលាម៉ោង ៥និង១០ នាទី ថ្ងៃទី១ ខែធ្នូ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ នៅភូមិកំពង់ត្រឡាចក្រោម ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឈ្មោះ សាន ចិត្ត ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិវត្តពោធ៍ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ព្រមទាំងបានដកហូតថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ICE) ១កញ្ចប់ ទូរស័ព្ទដៃ មួយគ្រឿង ម៉ូតូមួយគ្រឿង ។
ករណីទី៣ នៅវេលាម៉ោង ២និង២៥នាទី ថ្ងៃទី២ ខែធ្នូ នៅចំណុចភូមិប្រាក់កណ្តាល ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធការជួញដូរ ចែកចាយគ្រឿងញៀន ខុសច្បាប់ រួមមាន ១.ឈ្មោះ ស្រេង វិធីជាតិ អាយុ ៣៧ ឆ្នាំ រស់នៅភូមិកណ្តាល ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល (ជាអ្នកជួញដូរថ្នាំ ញៀន) និង២.ឈ្មោះ វន វិសាល អាយុ ២៥ ឆ្នាំ រស់នៅភូមិតាជាល ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ បុរសពីរនាក់នេះ មានមុខរប រមិនពិតប្រាកដ ដូចគ្នា ។ ក្នុងការបង្ក្រាបនេះ សមត្ថកិច្ច ដកហូតថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៨ កញ្ចប់ធំ និងឧបករណ៍ ពាក់ព័ន្ធ បទល្មើសមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង ៥ នាក់ រួមនឹងវត្ថុតាងថ្នាំញៀន ត្រូវបានសមត្ថកិច្ច កសាងសំណុំ រឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការ តាមនីតិវិធី៕PC