ដោយ: ពៅនិមល/ភ្នំពេញ: លោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធាន គណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកទីផ្សារនិងជំរុញការនាំចេញ របស់ស.អ.ក កាលពី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ បានចូលរួមផ្តល់បទបង្ហាញអំពីវិស័យស្រូវអង្ករកម្ពុជា នៅក្នុងសន្និសីទស្រូវអង្ករពិភពលោកលើកទី១២ ដែលធ្វើឡើងតាមរយះអនឡាញ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំសន្និសីទស្រូវអង្ករពិភពលោក ត្រូវបានរៀបចំឡើងដោយ មានជួបជុំនិងការប្រមូលផ្តុំនូវអ្នកពាក់ព័ន្ធនៅក្នុងការធ្វើពាណិជ្ជកម្មស្រូវអង្ករកម្រិតពិភពលោក ដោយឡែកឆ្នាំនេះដោយសារការរីករាលដាលជំងឺកូវីដ១៩ សន្និសីទនេះក៏ត្រូវបានរៀបចំ ឡើងតាមរយៈវេទិកាអនឡាញជំនួសវិញ។
ក្នុងអង្គប្រជុំនាឱកាសនោះលោកស្រី គឹម ស្រីរ័ត្ន បានធ្វើបទបង្ហាញជារួមអំពីបច្ចុប្បន្នភាព នៃវិស័យស្រូវអង្ករកម្ពុជាដែលរួមបញ្ចូល ផលិតកម្មស្រូវ និងវឌ្ឍនភាពនៃការនាំចេញអង្ករ របស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក ដែលគិតមកត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះ ការនាំ ចេញក្នុងរយៈពេល១១ខែ បានកើនឡើងជិត១៧ភាគរយ ដែលគិតជាបរិមាណសរុបមាន ចំនួន៦០១. ០៤៥តោន និងគិតជាទឹកប្រាក់ទទួលបាន៤១៥លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ លោកស្រីក៏បានឆ្លៀតរំលេចអំពីលក្ខណៈពិសេសរបស់អង្ករក្រអូបប្រណីត របស់កម្ពុជា “ម្លិះអង្គរ” និងធ្លាប់បានទទួលពានរង្វាន់អង្ករល្អបំផុតលើពិភពលោកចំនួន ៤ដងរួចមកហើយ ពីសន្និសីទស្រូវអង្ករពិភពលោក កាលពីឆ្នាំ២០១២- ២០១៣ ២០១៤ និង២០១៨។
លោកស្រីក៏បានបង្ហាញបន្ថែមទៀតអំពីការយកចិត្តទុករបស់រដ្ឋាភិបាលកម្ពុជា ក្នុងការ ជួយពង្រឹង និងទ្រទ្រង់វិស័យនេះ តាមរយៈការផ្តល់ឥណទានដល់រោងម៉ាស៊ីនស្រូវក្នុង អត្រាពិសេស ដើម្បីជាទុនបង្វិលទិញស្រូវ និងទុនរយៈពេលមធ្យមនិងវែងសម្រាប់សាងសង់ ឡសម្ងួត និងឃ្លាំងស្តុកស្រូវ ដែលកម្មវិធីនេះបានអនុវត្តដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ លើសពីនេះទៀត លោកស្រីក៏បង្ហាញពីភាពប្រកួតប្រជែង និងការលើក ទឹកចិត្តដល់ការវិនិយោគលើវិស័យស្រូវអង្ករកម្ពុជាតាមរយៈការទទួលបានការលើកលែង ពីរាជរដ្ឋាភិបាលកម្ពុជា លើពន្ធដារ និងអាករគ្រប់ប្រភេទ ពន្ធនាំចូល ពន្ធនាំចេញដល់ វិស័យស្រូវអង្ករ និងអ្នកវិនិយោគលើវិស័យនេះ។
សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីខ្សែសង្វាក់ តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី បានចូលរួមផ្សព្វផ្សាយអំពីម៉ាក “ម្លិះអង្គរ” របស់កម្ពុជា នៅលើទីផ្សារសកលលោកតាមរយៈការចូលរួមសហការឧបត្ថម្ភសន្និសីទស្រូវអង្ករពិភពលោក លើកទី១២។ គោលបំណងនៃការចូលរួមឧបត្ថម្ភនេះគឺ ដើម្បីលើកស្ទួយ និងផ្សព្វ ផ្សាយអំពីវិស័យវឌ្ឍនភាពនិងការអភិវឌ្ឍរបស់វិស័យស្រូវអង្ករកម្ពុជា ក្នុងយុគសម័យថ្មី៕PC