វិស័យ​ឯកជន​៖ សហគ្រាស​កែច្នៃ​ផលិត​រួមចំណែក​ច្រើន​ក្នុងការ​លើកកម្ពស់​ផលិតភាព​ដាំ​ដុះ​និង​ការរក្សា​តម្លៃ​ទីផ្សារ​


​ដោយ​: ពៅ​និមល​/​ភ្នំពេញ​: លោកនាយក​គ្រប់គ្រង​សហគ្រាស ស៊ី​អេស​អិ​ល (CSL) បាន​លើកឡើងថា សហគ្រាស​កែច្នៃ​ផលិតផល​ក្នុងស្រុក​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ជាពិសេស​ការ​ជម្រុញ​លើកទឹកចិត្ត​ដល់​កសិករ តាមរយៈ​ការលើកកម្ពស់​ផលិតភាព​នៃ​ការដាំដុះ ការប្រមូលទិញ និង​ការជួយ​រក្សា​តម្លៃ​ផលិត​នៅតាម​ទីផ្សារ​ជាដើម​។​

​ប្រាប់​អ្នក​សារ​ព័ត​មាន​ក្នុងស្រុក លោក សុង ខេង​លាន នាយក​គ្រប់គ្រង​សហគ្រាស ស៊ី​អេស​អិ​ល បានឱ្យដឹង​ទៀតថា ខណៈដែល​កម្ពុជា ជា​ប្រទេស​កសិកម្ម បច្ចុប្បន្ន​ប្រជាកសិករ​បាន​ការដាំដុះ​ជាច្រើន ដូចជា​៖ ចេក​ស្វាយចន្ទី ស្វាយ ពោត និង​ម្រេច​ជាដើម​។ ដោយ​មើលឃើញ​ពី​សក្តានុពល​ទាំងនេះ លោក​បានសម្រេច​បង្កើត​សហគ្រាស​កែច្នៃ​ផលិតផល​ក្នុងស្រុក សម្រាប់​បម្រើ​តម្រូវការ​ទីផ្សារ ជាពិសេស​ដើម្បី​ជួយ​ដល់​កសិករ​ក្នុងស្រុក ឲ្យ​បង្កើន​ផលិតកម្ម​នៃ​ការដាំដុះ​។
​លោក​បន្តថា កន្លងមក​នៅពេល​ប្រមូល​ផល​កសិករ​តែងតែ​ជួប​បញ្ហា​ទីផ្សារ​អំពី​ការលក់ ដូចជា​ការលក់​ចេញ​បាន​តម្លៃ​ជាដើម ដូច្នេះ​ការបង្កើត​សហគ្រាស​កែច្នៃ គឺ​បានផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​ប្រជាកសិករ ជាពិសេស​ការរក្សា​តម្លៃ​ទីផ្សារ​ដល់​កសិករ តាមរយៈ​ការប្រមូលទិញ​នៅពេលដែល​ផលិតផល​ទាំងនោះ​សំបូរ ពោលគឺ​ការបង្កើត​សហគ្រាស​កែច្នៃ​ផលិតផល​ដោយបាន​ចូលរួមចំណែក​ដល់​សេដ្ឋកិច្ចជាតិ និង​ជាការ​ជម្រុញ​លើកកម្ពស់​ដល់​កសិករ​ជា​អ្នក​ដាំ​ដុះ​ផងដែរ​។​

​លោកនាយក​បានលើកឡើង​ថា ស្ថិតនៅក្នុង​ស្ថានភាព​ប្រឈម​កូ​វីដ​១៩ ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់ របស់​រដ្ឋាភិបាល ក្នុងនាម​ជា​វិស័យ​ឯកជន​ក្នុងស្រុក លោក​បានទទួល​កញ្ចប់​ថវិការ​តាមរយះ​សហគ្រិន​ខ្មែរ​ផងដែរ ដើម្បី​យកមក​រៀបចំ​ផលិតកម្ម និង​ការរក្សា​ស្ថេរភាព​ខ្សែសង្វាក់​ផលិត​ឲ្យ​ដំណើរការ​ទៅដោយ​រលូន​។ ក្រោយពី​ការទទួលបាន​កញ្ចប់​ថ​វិការ ក្នុងនោះ​សម្រាប់​ផែនការ​របស់​សហគ្រាស​លោក​នៅ​ឆ្នាំ​២០២១​ខាងមុខ ដោយមាន​ការគាំទ្រ​ពី​អតិថិជន​ជាច្រើន សហគ្រាស​របស់លោក​នឹង​ពង្រីក​ទីផ្សារ​ផលិត​បន្ថែម ដើម្បី​ឲ្យ​ឆ្លើយតប​ទៅតាម​តម្រូវការ​។

​សូម​រម្លឹកថា ក្នុង​គោលបំណង​ជំ​រុញឱ្យ​ប្រជាកសិករ សហគមន៍​កសិកម្ម ក្រុម​អ្នក​ផលិត អ្នក​ដាំ​ដុះ​បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ​…​សិប្បកម្ម និង​សហគ្រាស​ធុន​តូច​និង​មធ្យម (SME) អាច​ពង្រីក​ខ្លួន ក៏ដូចជា​ពង្រឹងសមត្ថភាព និង​គុណភាព​ផលិត រដ្ឋាភិបាល​កម្ពុជា​បានផ្តល់​កញ្ចប់​ហិរញ្ញប្បទាន​ពិសេស​ចំនួន​៥០​លាន​ដុល្លារ​អាម៉េរិក សម្រាប់​ជា​ទុន​ឥណទាន (​កម្ចី​) សម្រាប់​គាំទ្រ​ដល់​អ្នក​ក្នុង​វិស័យ​ទាំងនោះ​ដើម្បីឱ្យ​ស្របតាម​ស្ដង់ដារ និង​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន និង​អនាគត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular