ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: បន្តជួសជុលផ្លូវជាតិនិងផ្លូវខេត្ត ដែលខូចខាតដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។
យោងមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានអោយដឹងកលពីថ្ងៃទី៣ខែ ធ្នូ ឆ្នាំ២០២០ ថា៖ ក្រុមការងារមន្ទីរបសនរបន្តសកម្មភាពក្រុមការងារ ដូចជាបន្តការងារថែទាំផ្លូវជាតិលេខ៥ ចន្លោះពី PK357+000 ទៅដល់ PK359+600 នៅម្តុំស្ពានតាផាន់ មុខស្នងការដ្ឋាននគរបាលខេត្តនិងម្តុំរង្វង់មូលស្រីគ្រប់លក្ខណ៍នាក្រុងសិរីសោភ័ណ ដោយលុបសំបុកមាន់ដោយល្បាយថ្មម៉ិច ស៊ីម៉ង់ត៍ កៅស៊ូ ។
និងចន្លោះពី PK394+800 ទៅដល់ PK395+800 នាម្តុំជាប់អាងអូរខៃដនក្រុងប៉ោយប៉ែតដែលរងគ្រោះដោយសារទឹកជំនន់នៃការបាក់ធ្លាយទំនប់ ដោយជួសជុលចិញ្ចើម ចាក់ដីល្បាយថ្មភ្នំ និងកៀរកិនបង្ហាប់។
មន្ត្រីបន្តថា ៖ ក្រុមការងារក៏បន្តជួសជុលផ្លូវខេត្តលេខ២៦៨A (ព្រៃមាន់-ភ្នំស្រុក) ចន្លោះពី PK1+800 ទៅដល់ PK2+300 ។
សូមរំលឹកថា ក្នុងអំឡុងទឹកជំនន់កាលពីខែតុលានិងដើមខែវិច្ឆិកាឆ្នាំ២០២០ កន្លងមក កំណាត់ផ្លូវជាតិលេខ៥និងផ្លូវខេត្តដូចខាងលើបានរងការខូចខាតយ៉ាងដំណំ ទឹកហូរកាត់ និងផ្អាកចរាចរណ៍សម្រាប់យានយន្តធុនធ្ងន់ ជាច្រើនថ្ងៃ ៕