ដោយៈ ប.ខុន/ភ្នំពេញៈ ការសាងសង់ និងពង្រីកមហាវិថី ៣០ម៉ែត្រ ដើម្បីតភ្ជាប់ចរាចរ ពីរុក្ខវិថីអង្គរភ្នំពេញ (ចាប់ពីផ្លូវ២០០៣) ទៅដល់មហាវិថីឈ្នះឈ្នះ នៅខាងលិចរង្វង់មូល គល់ស្ពានព្រែកព្នៅ មកដល់ថ្ងៃនេះ (៣ធ្នូ) សម្រេចបានលទ្ធផលប្រមាណជា ៤០ភាគរយ នៃគម្រោងហើយ។ នេះបើការឱ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។
លោក ឃួង ស្រេង បានបញ្ជាក់ថាៈ មហាវិថីថ្មីនេះ នឹងជួយដោះស្រាយបាននូវបញ្ហាកក ស្ទះចរាចរ នៅភាគខាងជើង រាជធានីភ្នំពេញ ជាមហាវិថីភ្ជាប់ទៅដោយ ផ្លូវធំៗនៃតំបន់ លំនៅដ្ឋានធំៗ កំពុងមានការអភិវឌ្ឍ។ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើការ ដោះស្រាយ ចំពោះសំណង់មិនរាបរយ មាននៅលើផ្លូវនេះ ដើម្បីពន្លឿនការសាងផ្លូវ ដែលមានសួនច្បារ នៅកណ្តាល និងភ្លើងបំភ្លឺផ្លូវ នៅចំកណ្តាលនេះ ឱ្យបានហើយរួចរាល់ តាមគម្រោងទុក។
គួររំលឹកឱ្យដឹងថា មហាវិថី ៣០ ម៉ែត្រនេះ បានបើកការដ្ឋាន សាងសង់ជាផ្លូវការកាលពី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមគំនិតផ្តួចផ្តើម របស់លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ដោយមានការគាំទ្រថវិកា ពីសប្បុរសជន ជាម្ចាស់បុរី នៅអមសងខាងមហាវិថីនេះ គឺចាប់ពីបុរីអង្គរភ្នំពេញ ទៅដល់មហាវិថីឈ្នះឈ្នះ។ មហាវិថី ៣០ ម៉ែត្រថ្មីនេះ មានប្រវែង ៥.៨៦០ ម៉ែត្រ ទទឹង ៣០ ម៉ែត្រ នៅក្នុងគម្រោង ដែលកំពុងអនុវត្ត ត្រូវចាក់បេតុងឆ្អឹងដែក កម្រាស់ ០,២០ ម៉ែត្រ មានចិញ្ចើម ម្ខាង ២ ម៉ែត្រ មានលូនៅសងខាង ដោយម្ខាងទំហំ ០,៨០ ម៉ែត្រ មានសួនច្បារនៅកណ្តាល២ ម៉ែត្រ បង្គោលភ្លើងបំភ្លឺផ្លូវ នៅចំកណ្តាល សាច់ផ្លូវម្ខាង ១២ ម៉ែត្រ មាន ភ្លើងស្តុប ៤ កន្លែង និងទទួលខុសត្រូវ សាងសង់ដោយ ក្រុមហ៊ុនជីបម៉ុង គ្រោងសាងសង់ ឱ្យរួចរាល់រយៈពេល ៦ខែ បន្ទាប់ពីថ្ងៃបើកការដ្ឋាន កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០៕PC