ដោយ: ជា សីហៈ / ភ្នំពេញ: លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងសំណង់លើកទី១១ (11th International Infrastructure Investment and Construction Forum) ដែលបានប្រារព្ធធ្វើនៅទីក្រុងម៉ាកាវ ប្រទេសចិន កាលពីថ្ងៃទី២ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ នឹងចូលរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពីព្រោះវាជាកត្តាដែលនាំឱ្យមានការបង្កើតនូវឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនានាក្នុងតំបន់ផងដែរ។
ជាមួយគ្នានោះផងដែរ លោក ទេសរដ្ឋ មន្ត្រីបានលើកឡើងថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈមនឹងតម្រូវការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ពោលគឺតម្រូវឲ្យស្វែងរកប្រភពហិរញ្ញប្បទានពីបណ្តាដៃគូអភិវឌ្ឍនានារួមមានដូចជា គំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” “ខ្សែក្រវ៉ាត់សេដ្ឋកិច្ចនៃវិថីសូត្រ” “វិថីសូត្រតាមផ្លូវសមុទ្រនៅសតវត្សទី២១” ហើយលើសពីនេះទៀត ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីរបស់ចិន (Asian Infrastructure Investment Bank-AIIB) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ៕