ដោយ: បូរិន / ភ្នំពេញ: ព្រឹត្តិការណ៍ដ៏អស្ចារ្យនិងមិនធ្លាប់មានក្នុងវិស័យសិល្បៈគឺ ការចុះអនុស្សរណៈរវាងផលិតកម្មទីក្រុងភាពយន្ត ថោន និងផលិតកម្មដ៏ល្បីរបស់GMM Grammy ដែលមានផ្សាយនៅស្ថានីយទូរទស្សន៍ Town Full HD TV នាថ្ងៃទី៣ ខែធ្នូនេះ។
លោកស្រី វ៉ា នីតា ក្រុមហ៊ុន ថោនអ៊ិនធឺធេនមេនគ្រុប បានថ្លែងថា ផលិតកម្ម ទីក្រុងភាពយន្ត (ថោន) ប្រចាំប្រទេសកម្ពុជា និងផលិតកម្ម GMM (GRAMMY) ប្រចាំប្រទេស ថៃ បានរួមគ្នា ចុះកិច្ចព្រមព្រៀងពង្រីកទីផ្សារផ្នែកវិស័យសិល្បៈកម្សាន្ត រួមគ្នាផលិតបទចម្រៀងបង្កើតព្រឹត្តិការណ៍ ប្រគុំតន្ត្រី (Concerts) បង្កើតរសជាតិថ្មី ស្របតាមតម្រូវការទីផ្សារ នាពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។
លោកស្រី បន្តថា ដើម្បីបង្កភាពងាយស្រួល ជូនពុកម៉ែ បងប្អូន មិត្តយុវវ័យ ដែលបានគាំទ្រស្នាដៃផលិត ពីផលិតកម្មយើងខ្ញុំ នៅពេលនេះ ផលិតកម្ម ទីក្រុងភាពយន្ត (ថោន) និងផលិតកម្ម GMM (GRAMMY) បានរួមគ្នាបង្កើតបណ្តាញសង្គម YouTube ថ្មីមួយឈ្មោះថា «TOWN x GMM GRAMMY» អាស្រ័យហេតុនេះ សូមបន្តការគាំទ្របន្ថែមទៀត ជាមួយការចូលទស្សនាកំសាន្តផ្ទាំងទស្សនីភាពយ៉ាងសំបូរបែបដោយសេរី។ ការគាំទ្ររបស់ពុកម៉ែ បងប្អូន មិត្តយុវវ័យ គឺជាកម្លាំងចិត្ត ដ៏អស្ចារ្យ របស់យើងខ្ញុំ ឲ្យកាន់តែខិតខំបង្កើតផលិតផលថ្មីៗជូន។
លោកស្រី វ៉ា នីតា បន្ថែមទៀតថា ផលិតកម្ម ទីក្រុងភាពយន្ត (ថោន) និងផលិតកម្ម GMM (GRAMMY) ចាប់ពីថ្ងៃនេះតទៅ បានរួមគ្នាធ្វើទំនើបកម្ម ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ ឲ្យបានទាន់ពេល និងកាន់តែទូលំទូលាយ ជាពិសេស ខិតខំសំអិតសំអាង ផលិតកម្មវិធីល្អៗ ឲ្យបានច្រើន ដើម្បីបំពេញតាម តម្រូវការទីផ្សារក្នុងស្មារតីទទួលខុសត្រូវ សំដៅរួមគ្នាលើកកម្ពស់វិស័យសិល្បៈ ឲ្យមានភាពល្បីល្បាញ និងរួមគ្នាការពារគោរពគាំទ្រលើស្នាដៃអ្នកនិពន្ធ និងក្រុមអ្នកផលិត ក្នុងន័យការលើកទឹកចិត្ត ផ្តល់តម្លៃម្ចាស់កម្មសិទ្ធ។
នាយកគ្រប់គ្រងទូទៅប្រចាំផលិតកម្មថោន លោក អ៊ិន រិទ្ធីចិត្រ បានមានប្រសាសន៍ថា នៅថ្ងៃនេះ ថោនបានបោះជំហានទៅមុខ មួយជំហានទៀត ដោយបានសហការ ជាមួយផលិតកម្មល្បី របស់ប្រទេសថៃ ដោយការចុះអនុស្សារណៈរវាងផលិតកម្មថោន និងផលិតកម្មរបស់ប្រទេសថា Grammy។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ផលិតកម្ម ទីក្រុងភាពយន្ត (ថោន) មានអាយុកាល ១០ឆ្នាំ មានតារាចម្រៀង ប្រុស ស្រី និងតារាសម្តែងល្បីៗ ជាច្រើន បានរស់នៅជាមួយ ថោន បង្កើតបានជាផ្ទាំងទស្សនីយភាព ដ៏ជក់ចិត្ត បំរើដល់សាធារណៈជន។ រាប់ចាប់តាំងពី ថោន បានចាប់កំណើត ជាមួយការទទួលបាន ការគាំទ្រពីមហាជនទាំងក្នុង និងក្រៅប្រទេស ផលិតកម្ម ទីក្រុងភាពយន្ត (ថោន) បានពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីចូលរួមចំណែកការកសាងអភិវឌ្ឍន៍សង្គមជាតិ។
ជាការពិតភាពរីកចំរើន និងការគាំទ្រពីមហាជនធ្វើឲ្យ ផលិតកម្មទីក្រុងភាពយន្ត (ថោន) បានពង្រីកសេវាកម្ម របស់ខ្លួនជាបន្តបន្ទាប់ រហូតបង្កើតជាក្រុមហ៊ុន ថោនអ៊ិនធឺធេនមែនគ្រុប ដោយមានបុត្រសម្ព័ន្ធចំនួន ៥ រួមមាន ៖ ផលិតកម្មទីក្រុងភាពយន្ត (ថោន) ,ស្ថានីយវិទ្យុ ថោន FM102.25MHz ,ស្ថានីយវិទ្យុ ថប FM92.30MHz ស្ថានីយទូរទស្សន៍ TOWN FULLHD TV ,ផលិតកម្ម TOP MUSIC៕