ដោយៈមុនីរ័ត្ន/ភ្នំពេញៈក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៍មានស្តីពីការស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ១៩ពាក់ព័ន្ធនឹង“ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា”។ក្រសួងបានបញ្ជាក់ថាប្រភពមេរោគដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា អាចជាក្រុមវីរុស clad 19B ដែលអាចមក ពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលបានចរាចរចូលមកកម្ពុជាក្នុងអំឡុងពេលពីខែតុលា ឆ្នាំ២០២០ មកទល់ នឹងពេលមានផ្ទុះករណីឆ្លងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
សកម្មភាពគ្រូពេទ្យកម្ពុជា(រូបថតផេក ឯ.ឧ ហ៊ុន ម៉ានី)
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី៣ ខែធ្នូ បានឲ្យដឹងថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារអន្តរក្រសួងទទួលបន្ទុករុករកស្រាវជ្រាវរួមគ្នាជាមួយនឹងក្រុមការងាររបស់ក្រសួងសុខាភិបាល បានខិតខំធ្វើការស្រាវជ្រាវរកប្រភព នៃការចម្លងវីរុសក្ខវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងតាមការពិភាក្សាក្នុងក្រុមការងារថ្នាក់ ដឹកនាំក្រសួងសុខាភិបាល ជាមួយនឹងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែធ្នូ ដោយយោងតាមព័ត៌មានដែលទទួលបានត្រឹមម៉ោង១១:៤៥នាទីយប់នៃថ្ងៃទី២ខែធ្នូនិងការសិក្សាផ្នែកមន្ទីរពិសោធន៍តាមបែបវិទ្យាសាស្ត្រលើប្រភេទវីរុសកូវីដ-១៩ ដែលអាចចម្លងមកកម្ពុជាសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រុមការងារអាចទាញការសន្និដ្ឋានជាបឋម មានដូចតទៅ៖
១. ប្រភពមេរោគដែលពាក់ព័ន្ធទៅនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា អាចជាក្រុមវីរុស clad 19B ដែលអាចមក ពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលបានចរាចរចូលមកកម្ពុជាក្នុងអំឡុងពេលពីខែតុលា ឆ្នាំ២០២០ មកទល់ នឹងពេលមានផ្ទុះករណីឆ្លងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
២. តាមការពិចារណាដោយហ្មត់ចត់លើលទ្ធផលនៃការសិក្សាវត្ថុសំណាកអ្នកជំងឺបំបែកបន្តៗគ្នារកភាពដូចគ្នានៃ វីរុសកូវីដ-១៩ (Sequencing Covid-19 virus sample) ទៅនឹងសំណាករូបរាងវីរុសកូវីដ-១៩ ពីតំបន់ផ្សេងៗគ្នា បានបង្ហាញថា គឺមិនមានការទាក់ទងនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា នោះទេ។
៣. ជំហានបន្ទាប់ ក្រុមការងារកំពុងស្រាវជ្រាវបន្ថែមអំពីប្រភពចម្លងវីរុសកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋរក្សាសភាពហ្នឹងនរចូល រួមអនុវត្តវិធានការការពារខ្លួនឲ្យបានត្រឹមត្រូវ (ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ) បើមិនមានការចាំបាច់សុំនៅក្នុងផ្ទះ មើលការឃុំគ្រងកូនចៅសមាជិកគ្រួសារខ្លួនឲ្យបានល្អ និងមិនត្រូវ មានការជួបជុំគ្នាច្រើនកុះករ (លើសពី ២០នាក់ ) នោះឡើយ។ ប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យករណីជំងឺ កូវីដ-១៩ សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃ ឬទូរស័ព្ទលេខ ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕សរន
សកម្មភាពគ្រូពេទ្យកម្ពុជា(រូបថតផេក ឯ.ឧ ហ៊ុន ម៉ានី)
សកម្មភាពគ្រូពេទ្យកម្ពុជា(រូបថតផេក ឯ.ឧ ហ៊ុន ម៉ានី)
សកម្មភាពគ្រូពេទ្យកម្ពុជា(រូបថតផេក ឯ.ឧ ហ៊ុន ម៉ានី)