ដោយ: មុនីរ័ត្ន / ភ្នំពេញ: សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីណែនាំស្តីពីការចេញ-ចូលទីស្តីការក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ក្នុងអំឡុងពេលនៃការបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។
យោងតាមសេចក្តីណែនាំបានឲ្យដឹងថា ក្នុងអំឡុងពេលនៃការបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះ ក្រសួងមហាផ្ទៃ ព្រមទាំងសាធារណជន អំពីវិធានការមួយចំនួន ក្នុងការចេញ-ចូលទីស្តីការក្រសួងមហាផ្ទៃ និង អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ដែលមានដូចខាងក្រោម ៖
១. ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ដែល មិនធ្វើចត្តាឡីស័ក នឹងត្រូវបានផ្តល់ជូននូវប័ណ្ណសម្គាល់សម្រាប់ការចេញ-ចូលទីស្តីការក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងចុះហត្ថលេខាដោយផ្ទាល់។ ។ ប័ណ្ណដែលផ្តល់ជូននេះ តម្រូវឱ្យសាមីខ្លួនសរសេរឈ្មោះ និងចុះហត្ថលេខាដោយផ្ទាល់។
២. ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានផ្តល់ជូននូវប័ណ្ណចេញ-ចូលនេះឡើយ ហើយត្រូវបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងហ្មត់ចតបំផុត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ។
៣. អគ្គនាយក ប្រធានអង្គភាព ចំណុះក្រសួងមហាផ្ទៃ ត្រូវរៀបចំបញ្ជីឈ្មោះថ្នាក់ដឹកនាំ និងមន្ត្រី ដែល ត្រូវទទួលបានប័ណ្ណចេញ-ចូលនេះ រួចបញ្ជូនមកអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ។
អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវចាត់ចែងរៀបចំប័ណ្ណចេញ-ចូលសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី ផ្អែកតាមបញ្ជីឈ្មោះដែលទទួលបានពីអគ្គនាយកដ្ឋាន និងអង្គភាព ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរៀបចំប័ណ្ណចេញ-ចូលសម្រាប់ផ្តល់ជូនភ្ញៀវ ដែលមានភារកិច្ចចូលមកទីស្តីការក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ។ ទន្ទឹមនេះ ត្រូវរៀបចំសៀវភៅកត់ត្រាប្រចាំថ្ងៃសម្រាប់ អគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ធ្វើការកត់ត្រាឈ្មោះ និងកម្រិតកំដៅរបស់ ថ្នាក់ដឹកនាំ និងមន្ត្រី ព្រមទាំងសាធារណជន បន្ទាប់ពីបានត្រួតពិនិត្យសុខភាពរួចរាល់។
៤. អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវចាត់មន្ត្រីដើម្បីទទួលលិខិតចេញ-ចូលទាំងអស់ នៅច្រកចូល នៃទីស្តីការក្រសួងមហាផ្ទៃ ដោយត្រូវអនុវត្តឱ្យបានហ្មត់ចត់នូវវិធានការការពារជំងឺកូវីដ១៩។
៥. ថ្នាក់ដឹកនាំ និងមន្ត្រីដែលមានប័ណ្ណចេញ-ចូល ត្រូវធ្វើការវាស់កំដៅ និងបាញ់សម្អាតខ្លួនប្រាណ និងបាញ់សម្អាតដៃដោយទឹកអាល់កុល នៅច្រកចូលនៃអគារទីស្តីការក្រសួងមហាផ្ទៃ និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ ហើយត្រូវចុះឈ្មោះ និងកម្រិតកំដៅ នៅក្នុងសៀវភៅកត់ត្រាប្រចាំ ថ្ងៃ។ ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីដែលមានកំដៅលើសពី ៣៧អង្សារ មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងអគារទីស្ដីការ ក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃឡើយ ហើយសាមីខ្លួនត្រូវរួសរាន់ទៅពិគ្រោះ យោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ឬទាក់ទងទៅភ្នាក់ងារសុខាភិបាល តាមរយៈទូរស័ព្ទលេខ ១១៥។
៦. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង ស្ថាប័នផ្សេង មន្ត្រីនៃអង្គការសង្គមស៊ីវិល វិស័យឯកជន ព្រមទាំងសាធារណជន ដែលមានភារកិច្ចចូលមកទីស្តីការក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះ ក្រសួងមហាផ្ទៃ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ ការវាស់កំដៅ ការបាញ់សម្អាតខ្លួនប្រាណ និងបាញ់សម្អាត ដៃដោយទឹកអាល់កុល ព្រមទាំងត្រូវ ចុះឈ្មោះ និងកម្រិតកំដៅ នៅក្នុងសៀវភៅកត់ត្រាប្រចាំថ្ងៃនៅតាម ច្រកចូលនៃទីស្តីការក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ។
៧. ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងភ្ញៀវទាំងអស់ ត្រូវពាក់ប័ណ្ណចេញ-ចូល ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ជាប់ជាប្រចាំ និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ក្នុងពេលមាន ។ វត្តមាន និងពេលបំពេញការងារ ក្នុងទីស្តីការក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ទទួលបានសេចក្តីណែនាំនេះ សូមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងសាធារណជន ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់៕