ដោយៈប.ខុន/ភ្នំពេញៈបើតាមលោកចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ថាធាតុអាកាសពេលទាបភ្លឺថ្ងៃទី៤ ខែធ្នូ នៅខេត្តមណ្ឌលគិរី រតនគីរី ស្រុកវាលវែងនៃខេត្តពោធិសាត់ និងតំបន់ជួរភ្នំដងរែកសីតុណ្ហភាពអប្បបរមាអាច ចុះដល់១៧អង្សាសេ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ បានបញ្ជាក់ថាអាកាសធាតុត្រជាក់ដល់រងារលើកទី១នេះ កើតមានរហូតដល់ថ្ងៃចន្ទ័ទី៧ ខែធ្នូ ទើបសីតុណ្ហភាពចាប់ផ្តើម ងើបឡើងមកវិញបន្តិច ព្រមពេលជាមួយគ្នានោះផ្ទៃមេឃនៅទូទាំងប្រទេសចាប់ ផ្តើមមានសភាពអួរអាប់ដូចជារដូវវស្សាតែគ្មានភ្លៀងធ្លាក់ទេ។
លោកចាន់ យុត្ថា និយាយឱ្យដឹងទៀតថា ផ្ទៃមេឃអាប់អួរដែលនឹងកើតមាន នៅដើមសប្តាហ៍ក្រោយ គឺដោយសារឥទ្ធិពលសម្ពាធទាបសកម្ម (Active Low) មួយ ដែលពេលនេះកំពុងមានសកម្មភាពលើប្រទេសហ្វីលីពីន ដោយបង្កឱ្យមានភ្លៀង ធ្លាក់ច្រើនបង្កើតបានជាជំនន់នៅទីនោះ(ហ្វីលីពីន) តែវានឹងបែកជាពីរពេលដើរចូលដល់ក្នុងសមុទ្រចិនខាងត្បូងដោយមួយផ្នែកឡើងទៅ លើ(ជើង) និងមួយផ្នែក ចុះទៅត្បូងមិននាំទឹកភ្លៀងមកដល់ប្រទេសកម្ពុជាទេ គឺមានតែពពកខ្មៅអួអាប់ប៉ុណ្ណោះ៕