Home ព័ត៌មានអន្តរជាតិ កំពូល​តារា​ទា...

កំពូល​តារា​ទាត់​ធាក់​ឥណ្ឌា ហក់​ចូលក្នុង​ឆាកនយោបាយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​គ្មាន​អំពើពុករលួយ​

​ប្រែ​សម្រួលៈ​វាសនា​/​ឆេន​ណាយ​,​ឥណ្ឌា​៖​កំពូល​តារាភាពយន្ត​ឥណ្ឌា លោក រ៉ា​ជី​នី​ខាន់​(Rajinikanth )​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៣​ធ្នូ បាន​ក្លាយ​ជា​តារា​ល្បីឈ្មោះ​មួយ​រូប​ទៀត​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​បូលីវូដ​​ឥណ្ឌា ដែល​បាន​ហក់​ចូលក្នុង​ឆាកនយោបាយ ដោយ​សន្យា​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​គ្មាន​អំពើពុករលួយ​នៅ​រដ្ឋ​កំណើត​របស់​លោក​។​

​តារា​ទាត់​ធាក់​ដែល​ធ្លាប់​តែ​ទទួលបាន​តំលៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុងចំណោម​តារា​អាស៊ី​រូបនេះ បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ទ្វី​ត​ធឺ​ថា «​ជាមួយ​នឹង​ការគាំទ្រ​ដ៏​ធំ​សម្បើម​ពី​ប្រជាជន​» លោក​នឹង​បង្កើត​​គណបក្ស​នយោបាយ​មួយ​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​ដើម្បី​ចូលរួម​ក្នុង​ការបោះឆ្នោត​នៅក្នុង​តាមឹ​ល​ណា​ឌូ​នៅ​ឆ្នាំក្រោយ​។​

​អតីត​ព្រូឡាន​វ័យ​៦៩​ឆ្នាំ​រូប​នេះ បាន​និយាយ​ជា​សាធារណៈ​ថា​លោក​ចង់​បាន​«​នយោបាយ​ស្មោះត្រង់ មាន​តម្លាភាព គ្មាន​អំពើពុករលួយ នយោបាយ​មិន​ទាក់ទង​សាសនា​និង​ផ្អែកលើ​ជំនឿ​»​នៅក្នុង​រដ្ឋ​​កំណើត​របស់​លោក​។​

​លោក​បាន​សរសេរ​បន្ថែ​ម​ថា « រឿង​អស្ចារ្យ​នឹង​កើតមានឡើង​»​។​

​តាមពិត​លោក រ៉ា​ជី​នី​ខាន់ មាន​ការគាំទ្រ​ដូចជា​មេដឹកនាំ​សាសនា​ម្នាក់​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា កន្លែង​ដែល​លោក​ត្រូវបាន​គេ​ហៅថា​«​ដឺ ស៊ូ​ពើ​ស្តារ​» ឬ «​ថា​លាយ​វ៉ា​(​មេដឹកនាំ​)»​។​

​គ្រប់​ខ្សែភាពយន្ត​ថ្មីៗ បាន​បង្ក​ភាព​ជ្រួលជ្រើម​នៅ​រដ្ឋ​តាមឹ​ល​ណា​ឌូ ដោយ​អ្នកគាំទ្រ​នាំគ្នា​កាត់សក់​ដូច​កំពូល​តារា​ក្នុង​រឿង និង​សាក់​រូប​លោក​នៅ​លើ​ដងខ្លួន​របស់​គេ​ថែម​ទៀត​។​

​រ៉ា​ជី​នី​ខាន់ ដែល​ធ្វើការ​ជា​ព្រូ​ទាន​ក្រុង​នៅ​ទីក្រុង​បាង​ហ្កា​ឡ័​រ​មុន​ចូល​ក្នុង​វិស័យ​សម្តែង​ភាពយន្ត​នៅ​ឆ្នាំ​១៩៧៣ បានបង្ហាញ​សាច់ដុំ​នយោបាយ​របស់​លោក​នៅ​ឆ្នាំ​១៩៩៦​នៅ​ពេល​លោក​អំពាវនាវ​អោយ​​អ្នកគាំទ្រ​ប្រឆាំង​រដ្ឋាភិបាល​រដ្ឋ​តាមឹ​ល​ណា​ឌូ ដែល​ពេលនោះ​ត្រូវ​ប្រជាជន​បោះឆ្នោត​ទម្លាក់​។​នៅ​ឆ្នាំ​២០១៧ លោក​បាន​និយាយថា​លោក​ចង់​ចូល​ក្នុង​ឆាកនយោបាយ​ដើម្បី​«​ធ្វើការ​ផ្លាស់ប្តូរ​នៅក្នុង​រដ្ឋ​​តាមឹ​ល​ណា​ឌូ​។ អ្នកគាំទ្រ​បាន​នាំគ្នា​ដុត​ផាវ​ដុត​កាំជ្រួច​អបអរ​បំណង​នេះ តែ​ពួកគេ​ត្រូវ​រង់ចាំ​រហូតដល់​ការប្រកាស​ផ្លូវការ​នា​ពេល​នេះ​៕

​រ៉ា​ជី​នី​ខាន់ ប្រកាស​ថា​នឹង​បង្កើត​បក្ស​នយោបាយ​មួយ​នៅ​ឆ្នាំក្រោយ តែ​មិន​ទាន់​បង្ហាញ​ថា​លោក​នឹង​ធ្វើ​ជា​អ្វី​នៅ​ក្នុង​បក្ស​នេះ​ទេ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular