ដោយៈវិវឌ្ឍន៍/ភ្នំពេញៈ តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹកនេះមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០៤នាក់ ដែលសុធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងមិនមានករណីជាសះស្បើយទេ។
ករណីវិជ្ជមានវីរុសវីដ-១៩ ចំនួន ០៤នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” មាន៖
១- បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកនៅហាងលក់កុំព្យូទ័រឈ្មោះ ឌីមកំព្យូទ័រ ផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ដែលត្រូវជាបងថ្លៃជីដូនមួយរបស់បុរសអាយុ២៣ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៥ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
២- ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ ជាភរិយាបុរសអាយុ ៣៩ឆ្នាំខាងលើ មានអាសយដ្ឋានស្នាក់នៅ បូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាបងប្អូនជីដូនមួយ បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។
៣- កុមារាជនជាតិខ្មែរអាយុ ២៣ឆ្នាំ ត្រូវជាកូនប្រុស បុរសអាយុ ៣៩ឆ្នាំ និងស្ត្រីអាយុ៣២ឆ្នាំ ខាងលើ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ដែលត្រូវជាក្មួយប្រុសបុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០។
៤- បុរសជនជាតិខ្មែរអាយុ ២២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះបាល់ជាមួយអ្នកជំងឺជារុស្តិអាយុ ២១ឆ្នាំ ដែលបានចូលទៅហាងនោះដែរ។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង ៤នាក់ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ -១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕
ចំពោះ លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” គឺ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០១ ធ្នូ ២០២០ ចំនួន៩៦នាក់ បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញ សរុបមានចំនួន ១,០២៧ នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៤នាក់ (ដែលជាអ្នកជំងឺខាងលើនេះ)។ ដោយឡែក មាននៅសល់វត្ថុសំណាកចំនួន៧៩សំណាកផ្សេងទៀត ដែលត្រូវ វិភាគបន្តនៅថ្ងៃទី០៤ ធ្នូ។
គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ៩,៧៥៣នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៥ ថ្មីសរុបចំនួន ២៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ដោយសង្កេតឃើញថា មានការកើនឡើងនូវអ្នកជំងឺកូវីដ -១៩ ដែលមានការចម្លងបន្តគ្នាពីកន្លែងមួយ ទៅកន្លែងមួយ ហើយការរុករកស្រាវជ្រាវកំពុងតែត្រូវបានធ្វើយ៉ាងសកម្មនោះក្រសួងសុខាភិបាល សូមអំពាវនាវឲ្យគ្រប់អ្នក ប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងអស់ ជាពិសេសអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺដែលធ្វើការនៅធនាគារកាថេ (ផ្លូវសម្តេចប៉ាន) និងធនាគារចិន (អាគារកាណាឌីយ៉ា ផ្លូវព្រះមុនីវង្ស) ក្នុងរាជធានីភ្នំពេញ តម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ឬនៅសណ្ឋាគារ ឬនៅតាមមណ្ឌលចត្តាឡីស័កនៅតាមខេត្ត ឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ និងអនុវត្តន៍វិធានការការពារខ្លួនកុំឲ្យចម្លងទៅអ្នកដទៃ ឲ្យបានត្រឹមត្រូវជាទីបំផុត មិនគួរដើរចេញក្រៅផ្ទះ ឬចេញពីមណ្ឌលចត្តាឡីស័ក ក្នុង អំឡុងពេលធ្វើចត្តាឡីស័កនេះឡើយ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីម្នាក់ទៅម្នាក់ និងកុំឲ្យមានការរាតត្បាតនៅក្នុងសហគមន៍។
អាជ្ញាធរថ្នាក់ក្រោមជាតិ មានបន្ទុកទទួលខុសត្រូវលើការ ចាត់ចែង គ្រប់គ្រង និងតាមដានការធ្វើចត្តាឡីស័កនេះ ដោយបុគ្គលម្នាក់ៗ ត្រូវទទួលខុសត្រូវផ្ទាល់ខ្លួន ក្នុងការរក្សាការពារខ្លួនកុំឲ្យមានការឆ្លងវីរុស១វីដ-១៩ មកខ្លួនឯង ទៅអ្នកដទៃ និងនៅក្នុងសហគមន៍ ដើម្បីសុខភាពផ្ទាល់ខ្លួនលោកអ្នក ក្រុមគ្រួសារលោកអ្នក និងសហគមន៍ បានចៀសផុតនូវការឆ្លងជំងឺដ៏ កាចសាហាវនេះ។
សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយពាក់ម៉ាស់ ក្នុង ករណីចាំបាច់) ជាពិសេសនៅក្នុងកាលទេសៈនេះ សូមកុំដើរចេញក្រៅផ្ទះ បើមិនចាំបាច់ តែបើអាក់ខានមិនបានពេលចេញដើរ ត្រូវពាក់ម៉ាស់ជាប់ជានិច្ច ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬជាមួយអាល់កុល ឬទឹកជែលសម្រាប់លាងដៃឲ្យបានញឹកញាប់ កុំយកដៃដែលមិនបានលាងសម្អាត មកប៉ះផ្ទៃមុខមាត់ របស់ខ្លួន និងត្រូវរក្សាសុវត្ថិភាពសង្គម (សូមកុំឲ្យមានការជួបជុំគ្នាកុះករច្រើនលើសពី២០នាក់) និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ឱ្យលើសពី១ម៉ែត្រកន្លះ ឡើងទៅជាចាំបាច់៕