ដោយ: ម៉េងឆៃ/ ភ្នំពេញ: តាមគម្រោង នៅពាក់កណ្តាលខែធ្នូនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ចំនួនបី ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម នៅភ្នំពេញ។ ក្រុមហ៊ុនទាំងបី នោះ បានជាប់ក្នុងការដេញថ្លៃប្រមូលសំរាម នៅរាជធានី ភ្នំពេញ ហើយនឹងចាប់ផ្តើមដំណើរការផ្តល់សេវាកម្មរបស់ខ្លួន នៅខែកុម្ភៈ ឆ្នាំ២០២១។
លោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងកាកសំណល់រឹង រាជធានីភ្នំពេញ បានឲ្យដឹងថា ផ្អែកតាមប្រតិទិន និងកាលវិភាគនៃការដេញថ្លៃ នៅពាក់ កណ្តាលខែធ្នូនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចុះកិច្ចសន្យាផ្តល់សេវាប្រមូល និងដឹក ជញ្ជូនសំរាម កាកសំណល់រឹង នៅរាជធានីភ្នំពេញ ជាមួយក្រុមហ៊ុន ដែលឈ្នះការដេញថ្លៃ ចំនួន ០៣ក្រុមហ៊ុន ហើយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុនទាំង ៣នោះ នឹងចាប់ ផ្តើមប្រតិបត្តិការផ្តល់សេវា ទៅតាមតំបន់ ដែលខ្លួនបានឈ្នះ ក្នុងការដេញថ្លៃ។
ក៏ប៉ុន្តែមកដល់ពេលនេះ យ៉ាងណាក៏ដោយ រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងកាកសំណល់ រឹង មិនអាចបញ្ជាក់ពីឈ្មោះក្រុមហ៊ុន ទាំង ៣ ដែលនឹងទទួលបានសិទ្ធិផ្ដល់សេវាប្រមូល និងដឹកជញ្ជូនសំរាម កាកសំណល់រឹង នៅឡើយទេ។ ក្រុមហ៊ុនទាំង ៣នោះត្រូវបានរដ្ឋបាល រាជធានីភ្នំពេញ សម្រិតសម្រាំងជ្រើសរើសចេញពីក្នុងចំណោមក្រុមហ៊ុន ចំនួន ២០ដែលបាន ចូលរួមដេញថ្លៃ។
យូរឆ្នាំមកហើយ គឺមានតែក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី តែមួយគត់ដែលផ្តាច់មុខលើការ ប្រមូលសំរាម នៅទូទាំងរាជធានីភ្នំពេញ។
ក្រសួងបរិស្ថាន បានប្រកាសថា នៅកម្ពុជា មានសំរាមជាងមួយម៉ឺនតោន ក្នុងមួយថ្ងៃ និងប្រមាណ បួនលានតោន ក្នុងមួយឆ្នាំ។ ក្នុងនោះ ៦៥ភាគរយ ជាសំណល់សររីរាង្គ ២០ភាគរយ ជាសំណល់ប្លាស្ទិក និងនៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេង ទៀត។ សម្រាប់ នៅតែរាជធានីភ្នំពេញ មានសំរាមប្រមាណជា ៣ពាន់តោន ក្នុងមួយថ្ងៃ។
ប៉ុន្តែដោយសារតែទំហំកាន់តែរីកធំរបស់រាជធានីភ្នំពេញ ទាំងផ្ទៃដី និងទាំងចំនួនមនុស្ស រស់នៅប្រចាំថ្ងៃផង ទើបកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឲ្យរដ្ឋបាលរាជធានីភ្នំពេញ ស្វែងរកក្រុមហ៊ុនថ្មីបន្ថែមទៀត ចូលរួមដេញថ្លៃ ប្រមូល និងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញ ដោយបែងចែកជា ៣តំបន់ផ្សេងៗគ្នា ហើយ ក្រុមហ៊ុន ១ ទទួលខុសត្រូវ ១តំបន់។
ជាបទពិសោធន៍របស់ស៊ីនទ្រីកន្លងមក នៅពេលបុគ្គលិកកម្មករប្រមូលសំរាម ធ្វើកូដកម្ម តវ៉ាម្តងៗ គឺសំរាមនៅគររាយប៉ាយ ដែលកន្លែងខ្លះ ក្លាយជាគំនរ បង្កការកកស្ទះចរាចរណ៍ និងជះក្លិនមិនល្អថែមទៀតផង។ កាលពីខែតុលា ជាឧទាហរណ៍ជាក់ស្តែង នៅពេលភ្លៀង សំរាម អណ្តែតពេញផ្លូវ។
ដូច្នេះនៅពេលក្រុមហ៊ុនថ្មី ដែលគេអាចដឹងថា មានស៊ីនទ្រី១ និងក្រុមហ៊ុនថ្មី ២ទៀត ចូលមកវិនិយោគប្រមូល និងដឹកជញ្ជូនសំរាម នៅភ្នំពេញ ដោយចែកជា ៣ តំបន់ អាចនឹង ប្រសើរជាងស៊ីនទ្រី។ មូលហេតុ មានកម្លាំងថ្មី ចូលមកជួយ ដែលទំហំទទួលខុសត្រូវតិច ជាងមុន ហើយក្រុមហ៊ុនថ្មី នឹងប្រឹងប្រែង ព្រោះបានបោះទុនក៏ច្រើន។ បើធ្វើមិនកើត នឹងត្រូវខាតលុយឡុងចុង ជាមិនខាន។ ម្យ៉ាងទៀត នៅពេលខាងមុខ មានគូប្រជែង មិនមែនជិះសេះលែងដៃដូចស៊ីនទ្រីកាលមុនឯណា? តែស្រួលមិនស្រួល ត្រូវបញ្ចប់កុងត្រា ដោយសារតែធ្វើការមិនកើត។
ទន្ទឹមនឹងការប្រឹងប្រែងពីក្រុមហ៊ុនឯកជនទាំង ៣នោះ រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាល រាជធានីភ្នំពេញ ពិសេសរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងកាកសំណល់រឹង ជធានីភ្នំពេញ ក៏គួរតែដើរតួនាទីសកម្មថែមទៀត លើការត្រួតពិនិត្យចំពោះក្រុមហ៊ុនឯកជនទាំងបី ដែលនឹងទទួលសិទ្ធិប្រមូលសំរាម។ នោះគឺក្រៅពីកំណត់ពេលវេលាច្បាស់លាស់ ឲ្យឡានដឹកជញ្ជូនសំរាមទៀងទាត់តាមផ្លូវតាមទីសាធារណៈ និងតាមផ្ទះប្រជាពលរដ្ឋ ហើយនោះ ការរៀបចំកន្លែងស្តុកសំរាម ការដាក់ពង្រាយធុងសំរាម តាមផ្លូវ តាមសួនច្បារ ជាដើម ក៏ជារឿងសំខាន់ ដើម្បីគ្រប់គ្រង ទុកដាក់សំរាមឲ្យមានរបៀប។
ចំណែកប្រជាពលរដ្ឋយើង មិនថា អ្នកដើរលេងតាមមាត់ទន្លេ ទីសាធារណៈ សួនច្បារទេ គឺអ្នករស់នៅតាមផ្ទះ មិនថា ផ្លូវតូច ផ្លូវធំទេ ត្រូវតែចូលរួមបោសសម្អាតមុខផ្ទះខ្លួនឯងផង តាមទីសាធារណៈ តាមផ្លូវផង ហើយសំខាន់ ត្រូវវេចខ្ចប់ទុកដាក់សំរាម កាកសំណល់ ចំណីអាហារ ឲ្យបានត្រឹមត្រូវ និងយកទៅបោះចោលក្នុងធុងសំរាម។ បើគ្មានធុងសំរាម ក៏ចងថង់ វេចខ្ចប់កាកសំណល់ទាំងនោះ ទុកដាក់កន្លែងគួរសមណាមួយ ដើម្បីឲ្យអ្នក បោសសម្អាត និងឡានសំរាម ប្រមូលកើបយកទៅបោះចោល។
នៅពេលការទុកដាក់សំរាម បានត្រឹមត្រូវហើយ ក៏ទាមទារឲ្យឡានដឹកជញ្ជូន និងប្រមូល សំរាម ទៅយកឲ្យទៀងពេល ព្រោះថា បើសិនជាសំរាមពេញធុងហើយ មិនមានឡាន ទៅដឹកជញ្ជូនទៀតនោះ តើឲ្យប្រជាជន បោះចោលសំរាម នៅឯណា? ចំពោះមុខ គឺមានតែបោះចោលក្រៅធុង ហើយត្រូវខ្យល់បក់ប៉ើង ហោះហើរពេញវាលទៀតហើយ។
គ្រាន់តែដំណើរការជ្រើសរើសរកក្រុមហ៊ុនប្រមូលសំរាមនេះ ត្រូវប្រើពេលជាង ១ឆ្នាំ គិតចាប់តាំងពីខែតុលា ឆ្នាំ២០១៩។ ការជ្រើសរើសចម្រាស់នេះ ប្រើពេលយូរគួរសម។ ដូច្នេះក្រុមហ៊ុន ទាំង ៣ ត្រូវប្រឹងប្រែងផ្តល់សេវាប្រមូលសំរាម ឲ្យបានល្អ ដោយមានការ ចូលរួមសហការពីប្រជាពលរដ្ឋ ព្រោះវិបត្តិសំរាមកាលពីខែតុលានៅពេលកម្មករបុគ្គលិក ស៊ីនទ្រី ធ្វើកូដកម្មតវ៉ានោះ គឺអ្នកភ្នំពេញ ស្គាល់រសជាតិ លែងចង់ជួបទៀតហើយ៕PC