ប្រែសម្រួល : កញ្ញាដាលីស ៖ អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ទី០៣ធ្នូ បានព្រមានអំពីការកើនឡើងនូវការគំរាមកំហែងប្រឆាំងនឹងពលរដ្ឋរបស់ខ្លួននៅឯបរទេសបន្ទាប់ពីការអំពាវនាវរបស់អ៊ីរ៉ង់ដើម្បីសងសឹកចំពោះការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ខ្លួនកាលពីសប្តាហ៍មុន។
មរណភាពរបស់លោក ម៉ូសេន ហ្វាករីហ្សាដេស ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែកនិងកាំភ្លើងបាញ់រះនៅលើផ្លូវធំមួយនៅក្រៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសុក្រសប្តាហ៍មុន ត្រូវបានអ៊ីរ៉ង់ស្តីបន្ទោសមួយផ្នែកទៅលើទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល។
ក្រសួងការបរទេសអ៊ីស្រាអែលបាននិយាយថា “ដោយមើលឃើញពីការគំរាមកំហែងថ្មីៗពីមន្ត្រីអ៊ីរ៉ង់…យើងបារម្ភថា អ៊ីរ៉ង់អាចវាយប្រហារគោលដៅរបស់ប្រជាជនអ៊ីស្រាអែល”។
ក្រសួងបានព្រមានពីការវាយប្រហារដែលអាចកើតមានចំពោះជនជាតិរបស់ខ្លួននៅទ្វីបអាហ្វ្រិកនិងនៅក្នុងប្រទេសដែលមានភូមិសាស្ត្រនៅជិតប្រទេសអ៊ីរ៉ង់ ដោយសម្តៅលើប្រទេសហ្សកហ្ស៊ី អាស៊ែបៃហ្សង់ តួកគី តំបន់ឃឺដអ៊ីរ៉ាក់ អារ៉ាប់រួមអេមីរ៉ាត និងបារ៉ែន។
ក្រុមប្រឹក្សាសន្តិសុខជាតិ ដែលលើកឡើងពីការវាយប្រហារធ្វើឡើងរួចហើយនៅក្នុងប្រទេសបារាំង អាឡឺម៉ង់និងអូទ្រីស បាននិយាយថាអង្គការជីហាដលើពិភពលោកជាពិសេសក្រុមរដ្ឋអ៊ីស្លាមកំពុងបង្ហាញនូវការលើកទឹកចិត្តខ្ពស់ដើម្បីអនុវត្តការវាយប្រហារភេរវកម្ម។
ក្រុមប្រឹក្សានេះបានព្រមានថា “វាអាចទៅរួចដែលថាផ្នែកមួយនៃរលកភេរវកម្មអ៊ីស្លាមបច្ចុប្បន្ននឹងឈានដល់គោលដៅដែលបានកំណត់ទៅលើជនជាតិអ៊ីស្រាអែលឬសហគមន៍ជ្វីហ្វសាលាប្រជុំ ភោជនីយដ្ឋាន ហាងកាហ្វេ និងសារមន្ទីររបស់ជ្វីហ្វ” ដោយជំរុញអ្នកធ្វើដំណើរឆែកមើលរាល់ការព្រមានណាមួយទាក់ទងនឹងគោលដៅធ្វើដំណើររបស់ពួកគេ។
បារ៉ែននិងអារ៉ាប់រួមអេមីរ៉ាតបានធ្វើឱ្យមានទំនាក់ទំនងជាធម្មតាឡើងវិញជាមួយអ៊ីស្រាអែលកាលពីខែកញ្ញាហើយការតភ្ជាប់ផ្លូវអាកាសពាណិជ្ជកម្មត្រូវបានបង្កើតឡើងរវាងទីក្រុងឌូបៃនិងទីក្រុងតែលអាល់វីវកាលពីចុងខែមុន។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក ហ្គាប៊ី អាសខេនណាហ្ស៊ី គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសបារ៉ែននៅចុងសប្តាហ៍នេះសម្រាប់សន្និសីទក្នុងតំបន់ ប៉ុន្តែប្រភពការទូតបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាដំណើរទស្សនកិច្ចរបស់លោកត្រូវបានលុបចោលវិញ បន្ទាប់ពីអ៊ីរ៉ង់ស្តីបន្ទោសអ៊ីស្រាអែលចំពោះការធ្វើឃាតលោកហ្វាករីហ្សាដេសនិងគំរាមសងសឹក៕
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អាយ៉ាតូឡា អ៊ីប្រាហ៊ីម រ៉ៃស៊ី (កណ្តាល) គោរពវិញ្ញាណក្ខន្ធលោកហ្វាករីហ្សាដេសនៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃទី២៨វិច្ឆិកា