ប្រែសម្រួលៈវាសនា/សេអ៊ូល៖ កូរ៉េខាងត្បូងបានសំរេចកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនឱសថAstraZenecaដើម្បីទិញវ៉ាក់សាំងកូវីដ១៩ នៅពេលប្រទេសនេះស្វះស្វែងរកវ៉ាក់សាំងអោយបានច្រើនចំពេលមានការឆ្លងវីរុសកូរ៉ូណាខ្លាំងឡើងវិញ។
រដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយថា ខ្លួនបានពិភាក្សាចុងក្រោយជាមួយក្រុមហ៊ុនផលិតឱសថសកលលោកនានារួមមាន AstraZeneca, Pfizer Inc និង Johnson & Johnsonអំពីការផ្តល់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា និងបានធ្វើការពិនិត្យផលិតរបស់AstraZenecaកាលពីខែតុលាសំរាប់ការអនុម័តផ្លូវកាត់ណាមួយ។
កាសែតThe JoongAng Ilboបាននិយាយថា អាជ្ញាធរសុខាភិបាលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុននៅអង់គ្លេសនេះកាលពីថ្ងៃ២៧វិច្ឆិកា ហើយជិតសំរេចកិច្ចព្រមព្រៀងជាមួយPfizer និង Johnson & Johnsonហើយទោះជាយ៉ាងណាក្រសួងសុខាភិបាលបាននិយាយថា របាយការណ៍ក្នុងកាសែតនេះមិនជារបាយការណ៍ផ្លូវការទេ។
ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េបាននិយាយថា ប្រាក់១៧២ពាន់លានវ៉ុន(២០០លានដុល្លារ) ត្រូវបានលៃទុកដើម្បីទិញវ៉ាក់សាំងជំហានដំបូងចំនួន៦០លានដូសនៅឆ្នាំនេះ ដែលល្មមចាក់អោយប្រជាជនបានប្រមាណ៦០ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋកូរ៉េខាងត្បូង៥២លាននាក់ ។
ក្រៅពីក្រុមហ៊ុនប៉ុន្មានខាងលើ កូរ៉េខាងត្បូងក៏ទទួលបានវ៉ាក់សាំងប្រមាណ២០លានដូសទៀតមកពីCovax ជាកម្មវិធីចាក់វ៉ាក់សាំងសកលមួយដែលគាំទ្រដោយអង្គការសុខភាពពិភពលោក៕