ប្រែសម្រួលៈវាសនា/ប៉ារីស៖ ពិភពលោកបានឆ្លងកាត់ព្រឹត្តិការណ៍គួរអោយកត់សម្គាល់មួយទៀត នោះគឺមនុស្សស្លាប់ដោយជំងឺកូវីដ១៩បានទៅហួស១,៥លាននាក់ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ទី០៣ធ្នូនៅពេលប្រទេសនានាហាក់នឿយណាយនឹងការបិទប្រទេសឬរឹតត្បិតចលនាមនុស្សដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា ហើយប្រទេសមានលទ្ធភាពកាន់តែច្រើនឡើងងាកមករកវ៉ាក់សាំងជំនួសវិញ។
ក្នុងពេលមានដំណឹងល្អៗអំពីវ៉ាក់សាំងកូវីដ១៩ ដែលបេក្ខជនវ៉ាក់សាំងខ្លះមានប្រសិទ្ធភាពដល់ទៅ៩៥ភាគរយ ប្រទេសជាច្រើនកត់សំគាល់ឃើញការឆ្លងនិងស្លាប់ដោយកូវីដ១៩កើនខ្ពស់មិនធ្លាប់មាន។
អ៊ីតាលី បានកត់ត្រាឃើញអ្នកស្លាប់ចំនួន៩៩៣នាក់ ដែលខ្ពស់ជាងចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតកាលពីមុនចំនួន៩៦៩នាក់។
អ៊ីរ៉ង់ ដែលជាប្រទេសរងគ្រោះខ្លាំងជាងគេពីកូវីដ១៩នៅមជ្ឈិមបូព៌ា មានអ្នកឆ្លងហួស១លាននាក់កាលពីថ្ងៃ០៣ធ្នូ នៅពេលអាជ្ញាធរពិចារណាបន្ធូរបន្ថយការរឹតត្បិត ហើយអង់គ្លេសមានអ្នកជំងឺកូវីដ១៩ស្លាប់ជាង៦០.០០០នាក់។
ប្រទេសរងគ្រោះខ្លាំងជាងគេ គឺសហរដ្ឋអាម៉េរិក ក៏រាយការណ៍ចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតមិនដែលធ្លាប់ជួបពីមុន គឺ២.៧៣១នាក់កាលពីថ្ងៃព្រហស្បតិ៍ នៅពេលចំនួនអ្នកជំងឺកូវីដ១៩កំពុងដេកពេទ្យឡើងដល់១សែននាក់ជាលើកដំបូង។
នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្កាជំងឺអាម៉េរិកលោក រ៉ូប៊ឺត រេដហ្វៀល បានព្រមានថា ពេលវេលាលំបាកបំផុតកំពុងរង់ចាំគឺនៅខែមករានិងកុម្ភៈខាងមុខនេះ។
សូមបញ្ជាក់ថា ជំងឺឆ្លងសកលនេះ បង្ហាញសញ្ញាថមថយតិចតួចណាស់ ដោយជាមធ្យមមួយថ្ងៃវាឆក់យកជីវិតមនុស្សជាង១ម៉ឺននាក់ ចាប់តាំងពីថ្ងៃ២៤វិច្ឆិកាមក។
នៅពេលពិភពលោកធុញទ្រាន់នឹងវិធានការរឹតត្បិតដែលប៉ះពាល់ដល់សេដ្ឋកិច្ច ការចាប់អារម្មណ៍ឥឡូវងាកទៅរកវ៉ាក់សាំងសំរាប់ប្រទេសមានលទ្ធភាព។អង់គ្លេសបានក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលអនុម័តប្រើវ៉ាក់សាំងកូវីដ១៩មួយជាទូទៅ ជាហេតុនាំអោយប្រទេសជាច្រើនទៀតធ្វើតាម។តែអ្នកវិទ្យាសាស្ត្រជំងឺអាម៉េរិកលោក អ៊ែនថូនី ហ្វោស៊ី បាននិយាយថា អង់គ្លេសប្រញាប់ប្រញាល់អនុម័តដំណើរការនេះលឿនពេក។
ក្នុងពេលមានការរំពឹងទុកថានឹងអនុម័តប្រើវ៉ាក់សាំងដូចអង់គ្លេសដែរ បារាំងបានប្រកាសថាខ្លួននឹងចាក់វ៉ាក់សាំងអោយប្រជាជនខ្លួនដោយមិនគិតថ្លៃចាប់ពីខែមករាទៅសំរាប់មនុស្សចាស់១លាននាក់នៅតាមមណ្ឌលចូលនិវត្តន៍ និងអ្នកប្រឈមហានិភ័យ១៤លាននាក់នៅខែកុម្ភៈនិងបន្ទាប់ទៅអ្នកនៅសេសសល់។
បែលហ្សិចក៏បាននិយាយថា ខ្លួនមានបំណងចាប់ផ្តើមចាក់វ៉ាក់សាំងលើប្រជាជនរបស់ខ្លួនដែលងាយឆ្លងកូវីដ១៩នៅខែមករា។
ក្នុងពេលជាមួយគ្នា អគ្គលេខាងអង្គការសហប្រជាជាតិ បានព្រមានថា ទោះជាវ៉ាក់សាំងត្រូវបានអនុម័តប្រើយ៉ាងលឿន ក៏ពិភពលោកនៅតែប្រយុទ្ធប្រឆាំងនឹងផលបង្កឡើងដោយកូវីដ១៩ ដោយ«សារវ៉ាក់សាំងណាមួយមិនអាចដោះស្រាយការខូចខាត ដែលនឹងអូសបន្លាយពេលរាប់ឆ្នាំ ឬអាចថារាប់ទសវត្សរ៍»។
លោកអគ្គលេខាបានធ្វើការអំពាវនាវជាថ្មី អោយគិតថា វ៉ាក់សាំងជា«ផលប្រយោជន៍សាធារណសកល»មួយ ដែលត្រូវតែចែកចាយនៅជុំវិញពិភពលោក។
សូមបញ្ជាក់ថា ប្រទេសជាង១៨០បានចូលរួមកម្មវិធីCovax ជាគំនិតផ្តួចផ្តើមសហការគ្នាជាសកលមួយរបស់អង្គការសុខភាពពិភពលោកដើម្បីផលិតនិងចែកចាយវ៉ាក់សាំងស្មើៗគ្នា។ទោះជាយ៉ាងណា ទ្វីបអាហ្វ្រិកបានខកខានក្នុងការបង់ប្រាក់Covaxដំបូងរបស់ខ្លួនទៅតាមកាលវិភាគកំណត់៕