Home ព័ត៌មានជាតិ សេដ្ឋកិច្ច ខណៈ​កូ​វីដ​១៩...

ខណៈ​កូ​វីដ​១៩​រីក​រាលដាល វិស័យ​បសុសត្វ​នៅ​កម្ពុជា​កំពុងតែ​កើនឡើង​

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ខណៈពេលដែល​មេរោគ​កូ​វីដ ១៩ កំពុងតែ​រីក​រាលដាល​នៅ ទូទាំង​ពិភពលោក វិស័យ​បសុសត្វ​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង តែមាន​ការកើនឡើង ។ នេះ​បើតាម​ប្រសាសន៍​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ក្នុងអំឡុង​ពេលដែល​ប្រទេស​កម្ពុជា​បាននិងកំពុង​ជួប​វិបត្តិ នៃ​ជំងឺឆ្លង​កូ​វិដ​-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ខិតខំ​យកចិត្តទុកដាក់ យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ស្មារតី​ទទួលខុសត្រូវ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុងការ​ជម្រុញ​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក​ទាំង​ផ្នែក​សាកវប្បកម្ម វារីវប្បកម្ម និង​ផលិតកម្ម​ចិញ្ចឹមសត្វ ដើម្បី​រួមចំណែក​បង្កើត​ការងារ បង្កើត និង​បង្កើន​ប្រភព ចំណូល​ក្នុង​គ្រួសារ និង​ធានា​សុវត្ថិភាព​ស្បៀង​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ជាក់ស្តែង ផលិតកម្ម​ចិញ្ចឹមសត្វ​ទាំង​ជា​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ឧស្សាហកម្ម (​គោ​-​ក្របី ជ្រូក និង​បក្សី​) បានបង្ហាញ​ពីស​ន្ទុះ​នៃ​ការរីកចម្រើន គួរ​ឲ្យ​កត់សម្គាល់​។

​លោក​បាន​បន្តថា គិត​ត្រឹម​ថ្ងៃ​២ ខែធ្នូ ឆ្នាំ​២០២០ បសុសត្វ​នៅក្នុង​ប្រទេស​មានការ​កើន ឡើង​សរុប ១៧,៦០% ពី ៤២.០២២.១៣៧​ក្បាល ទៅ ៤៩.៤២៣.៥៥៨​ក្បាល បើ​ធៀប​ទៅ នឹង​ឆ្នាំ​២០១៩​។​

​ទន្ទឹមនឹងនេះ កសិដ្ឋាន​ចិញ្ចឹមសត្វ​ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន ១.២៣២​កន្លែង ក្នុងនោះ កសិដ្ឋាន​ចិញ្ចឹម​បក្សី​មាន​ចំនួន ៦៨១​កន្លែង មាន​សត្វ​ក្នុង​ស្តុក ១៧.១៣៤ .៥៨៨​ក្បាល កើន​លើស​ឆ្នាំ​២០១៩ ប្រមាណ​ជា ៣៥,៦០%​។​

​លោក​បាន​បន្តទៀតថា កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មាន​ចំនួន ៥៤៧​កន្លែង និង​មាន​សត្វ​ក្នុង ស្តុក​ចំនួន ១.៣៣៩.២១០​ក្បាល កើនឡើង ១៥,៩០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។ ចំពោះ កសិដ្ឋាន​ចិញ្ចឹម​គោ​-​ក្របី​គឺមាន​សរុប ៥៤​កន្លែង និង​មាន​សត្វ​ក្នុង​ស្តុក​ចំនួន​១២.៩៧៤ ក្បាល​ផងដែរ ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular