Home ព័ត៌មានជាតិ នយោបាយ សុន្ទរកថា​គន្...

សុន្ទរកថា​គន្លឹះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ក្នុង​សម័យប្រជុំ​ពិសេស លើក​ទី ៣១ របស់​មហាសន្និបាត អង្គការសហប្រជាជាតិ ស្ដីពី “​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩” ថ្ងៃទី​៣-៤ ធ្នូ ២០២០

ដោយៈ តារា​រិ​ទ្ធ/ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង ក្នុងសម័យ​ប្រជុំ​ពិសេស លើក​ទី​៣១​របស់ មហាសន្និបាត អង្គការសហប្រជាជាតិ ស្ដីពី “​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩” នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​បុរី​ញូវយ៉ក (​ត្រូវ​នឹង​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា​)​។​

​ខាងក្រោម​នេះ ជា​សុន្ទរកថា របស់​សម្តេច​តេ​ជោ ហ៊ុន សែ នាយករដ្ឋមន្ត្រី​កម្ពុជា ដែលមាន​ខ្លឹមសារ​ទាំងស្រុង​៖
-​ឯកឧត្តម ប្រធាន​អង្គប្រជុំ​;
-​ឯកឧត្តម អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​;
-​ឯកឧត្តម​, លោកជំទាវ​, លោក​, លោកស្រី​!

​ជា​កិច្ច​ចាប់ផ្តើម​, ខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​គំនិត​ផ្តួចផ្តើម របស់​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ (Azerbaijan) ក្នុង​ការស្នើ​ឱ្យមាន​សម័យ​ប្រជុំ​ពិសេស ស្តីពី​«​ការ​ប្រ​យុ ទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩» នេះ ដើម្បី​ប្រមូលផ្តុំ​ការឆ្លើយតប​ជារួម និង​សកល​ពី​សហគមន៍​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ។ មកដល់​បច្ចុប្បន្ន​,ជំងឺ​កូ​វីដ​-១៩ បាន​ឆ្លង​រីក​រាលដាល​ដល់​គ្រប់ ប្រទេស និង​បានធ្វើឱ្យ​មនុស្ស រាប់សែន​នាក់ បាត់បង់​ជីវិត ។
​ក្នុងន័យនេះ​,​កម្ពុជា​យល់ឃើញថា ការប្រយុទ្ធ​ប្រឆាំងនឹង ជំងឺ​កូ​វីដ​- ១៩ មិនគួរ​ត្រូវបាន ប្រទេស​ណាមួយ ឆ្លៀត​យកមកអនុវត្ត ជា​របៀបវារៈ ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​នោះ ឡើយ​។ ខណៈដែល​ជីវិត​មនុស្ស រាប់លាន​នាក់ នៅ​ទូទាំង​ពិភពលោក កំពុងស្ថិត​នៅក្នុង ហានិភ័យ​, ការធ្វើ​នយោបាយ​របស់ ប្រទេស​ណាមួយ លើ​បញ្ហា​សុខភាព​សាធារណៈ និង​បរិហារ​របស់​ពួកគេ លើ​សមត្ថភាព​គ្រប់គ្រង ការរីក​រាលដាល នៃ​ជំងឺឆ្លង គឺ​មិនមាន ប្រយោជន៍​អ្វី ដល់​ការប្រយុទ្ធ ប្រឆាំងនឹង​ជំងឺឆ្លង​នេះឡើយ ។ ផ្ទុយទៅវិញ​, សាមគ្គីភាព និង​ឯកភាពគ្នា ក្នុង​តំបន់ និង​ជាស​កល គឺជា​ធាតុ​សកម្ម​មិនអាច​ខ្វះ​បាន នៅក្នុង​អំឡុងពេល នៃ​វិបត្តិ​បែបនេះ ។

​បន្ថែម​លើ​នេះ​, ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង ជា​លក្ខណៈ​សកល​បែបនេះ ទាមទារ​នូវ​ការ សម្រេចចិត្ត​រួមគ្នា​, ប្រកបដោយ​ភាព​ហ្មត់ចត់​, ក្រោម​យន្តការ ពហុភាគី​និយម​, និង​ការគោរព ច្បាប់​អន្តរជាតិ​, គោរព​អធិបតេយ្យភាព របស់​រដ្ឋ​នីមួយៗ​, ទោះជា​រដ្ឋ​នោះ​ធំ ឬ តូច​, មាន ឬ ក្រ ក៏ដោយ​, ដោយមាន អ​.​ស​.​ប​. និង អង្គការ​សុខភាព​ពិភព លោក ជា​ស្នូល ។ ខ្ញុំ​សូម​គូស បញ្ជាក់​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​របស់​កម្ពុជា ចំពោះ​តួនាទី​របស់ អ​.​ស​.​ប និង​អង្គការ​សុខភាព ពិភពលោក ក្នុង​កិច្ចប្រឹងប្រែង​ជាស​កល ចំពោះ​ការឆ្លើយតប និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ ឆ្លង​នេះ ។ លើសពីនេះ​ទៀត​, កម្ពុជា ក៏​សូម​គូសបញ្ជាក់ អំពី​សារៈសំខាន់ និង​ភាពចាំបាច់ បំផុត សម្រាប់​ការធានា​ថា វ៉ាក់សាំង ដែល​ត្រូវបាន​រកឃើញ គឺជា​ទំនិញ​សាធារណៈ និង​មាន​ចរិត​សកល ដែល​នឹង​ត្រូវបាន​ផ្គត់ផ្គង់ និង​ចែកចាយ ក្នុង​ស្មារតី​មនុស្សធម៌ ទៅដល់​គ្រប់​ប្រទេស ទាំងអស់ ជាពិសេស ចំពោះ​ប្រទេស ដែល​ងាយ​រងគ្រោះ​បំផុត ។

​ទោះបីជា​វិបត្តិ​សុខភាព​សាធារណៈ​នេះ អាច​នឹង​បញ្ចប់ទៅ នាពេល​អនាគត​ខ្លី ខាងមុខ​, ប្រទេស​ទាំងអស់ នឹង​នៅតែ​ត្រូវ​ដោះស្រាយ​បន្តទៀត នូវ​បញ្ហា​ប្រឈម ក្នុង ដំណាក់កាល នៃ​ការស្ដារ​សម្បទា សេដ្ឋកិច្ច​ឡើងវិញ ។ ជាការ​ពិត​, ជំនួយ​អាចជា​ចំណែក​តូច​មួយ នៃ​ការស្តារ​នេះ ក៏ប៉ុន្តែ​កត្តា​ដែល​សំខាន់ មិនអាច​ខ្វះ​បាន គឺ​ការបន្ត​រក្សាបាន​នូវ​យន្តការ​ពហុ ភាគី​និយម​, សកលភាវូបនីយកម្ម​និយម​, ពាណិជ្ជ​សរី​ភាវូបនីយកម្ម​, ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និងពិភពលោក​, ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​, ការវិនិយោគ​, ទេសចរណ៍​អន្តរជាតិ និង ការធ្វើ ដំណើរ​ជាទូទៅ​។​ក្នុងន័យនេះ​, កម្ពុជា​គាំទ្រ​ពេញទំហឹង នូវ​គំនិត​ផ្តួចផ្តើម​របស់ អគ្គលេខាធិការ អ​.​ស​.​ប​. អំពី​ការបង្កើត មូលនិធិ អ​.​ស​.​ប​. សម្រាប់​ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ការរៀបចំ​ស្ដារ​សម្បទា សេដ្ឋកិច្ច​ឡើងវិញ ដែល​ត្រូវបាន​ដាក់ចេញ​កាលពីដើម ឆ្នាំនេះ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular