Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក...

រដ្ឋមន្ត្រី​កសិកម្ម​អំពាវនាវ​ដល់​ម្ចាស់​ចំការ​ស្វាយ​ឱ្យ​ចុះបញ្ជី​ឈ្មោះ​ដើម្បី​បង្កើន​ការនាំចេញ​

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​នាំចេញ​ស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់ ទីផ្សារ​ប្រទេស​ចិន លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អំពាវនាវ ដល់​អ្នកមាន​បំណង​ចង់​នាំ​ស្វាយ​ចេញ ឱ្យទៅ​ចុះបញ្ជី​នៅក្នុង​តំបន់​របស់ខ្លួន ដើម្បី​ទទួលបាន​ព័ត​មាន​លម្អិត​អំពី​ការដាំដុះ​និង​ការថែទាំ​ជាដើម​។​

​កាលពី​រសៀល​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅនេះ លោក វេ​ង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថា នាពេល​កន្លង​ក្រសួង​បាន​ផ្សព្វផ្សាយ​ជាច្រើន​តាមរយះ​សន្និសីទកាសែត និង​សេចក្តី​ជូន ដំណឹង​ហូរហែរ​ទៅដល់​អ្នកមាន​ចំការ​ស្វាយ​ឱ្យទៅ​ចុះបញ្ជី ខណៈ​តម្រូវ​ស្វាយ​មាន​ច្រើន ពី​ទីផ្សារ​ក្រៅ​ស្រុក ពិសេស​ប្រទេស​ចិន ប៉ុន្តែ​ហាក់​មិនសូវមាន​អ្នក​អើពើ​និង​យកចិត្តទុកដាក់ ច្រើន​ទេ​។​

លោក​បន្តថា “​ឥឡូវ​នឹង​យើង​អនុគ្រោះ​គាត់​ទៅ​ចុះបញ្ជី​នៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ដែល​គាត់​ដាំ​នៅ​ខេត្ត​ណា​ទៅ​ចុះបញ្ជី​នៅ​ខេត្ត​នឹង រួច​ចុះបញ្ជី​បាន​ហើយ ទើប​មន្ត្រី​ក្រសួង (​អគ្គនាយកដ្ឋាន​កសិក​ម្ម​) ចុះ​បណ្តុះបណ្តាល​គាត់​ថា​ដាំ​យ៉ាងម៉េច ថែទាំ​ស្វាយ​យ៉ាងម៉េច ហើយ​មុន​ប្រមូល​ផល​ត្រូវធ្វើ​ម៉េច ក្នុងដំណាក់កាល​ប្រមូល​ផល ធ្វើ​ម៉េច ប្រសិនបើ​គាត់​គ្មាន​លទ្ធភាព​នាំចេញ​ដោយ​ខ្លួនឯង គ្មាន​លទ្ធភាព​បង្កើត​រោងចក្រ នោះ​នឹង​ជួយ​បន្ថែមទៀត​លើ​ការងារ​ទាំងនេះ​។​”

​សូមបញ្ជាក់ថា ដោយបាន​ពិនិត្យឃើញ​នូវ​ឱកាស​វិនិយោគ​លើ​វិស័យ​កសិកម្ម​កម្ពុជា ក្រុមហ៊ុន ហ៊ុន​ទី បានចាប់ផ្តើម​បោះទុន​វិនិយោគ​លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ការលាង សំអាត ការ​វេច​ខ្ចប់ ការបង្កើត​ឃ្លាំង​ស្តុក​ត្រជាក់ និង​ការនាំចេញ​ផលិតផល​កសិកម្ម​នៅ កម្ពុជា​កាលពី​ឆ្នាំ​២០១៧ ហើយ​មកទល់ពេលនេះ ក្រុមហ៊ុន​បាន​សាកល្បង​ដឹកជញ្ជូន ស្វាយ​ស្រស់​មួយ​កុងតឺន័រ ស្មើនឹង​ប្រមាណ​២៥​ទៅ​៣០​តោន​ដោយ​ត្រូវ​ដឹកជញ្ជូន​ឆ្លងកាត់ ប្រទេស​វៀតណាម​ទៅកាន់​ប្រទេស​ចិន​។

​ទាក់ទង​ការនាំចេញ​នេះដែរ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​បញ្ជាក់ថា “​ការចាប់ផ្តើម សាកល្បង នៃ​ការនាំចេញ​ទៅមួយ​កុងតឺន័រ ត្រូវបាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​ចំនួន​៧០​នាក់ ទម្រាំ​បាន​មួយ​កុងតឺន័រ​គេ​រៀបចំ​ជាច្រើន​ថ្ងៃ​ដោយ​រើស​ម្តង​មួយៗ យកមក​លាង​សំអាត​ហើយ វេច​ខ្ចប់ រួច​សម្លាប់​មេរោគ​ធ្វើការ​នាំចេញ​” ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular