Home ព័ត៌មានអន្តរជាតិ យាន​អវកាស Cha...

យាន​អវកាស Chang’e-5 ចាកចេញ​ពី​ព្រះ​ចន្ទ​មក​ផែនដី​វិញ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង ៖ យាន​ស្រាវជ្រាវ​អវកាស​ចិន​បាន​ហោះ​ចេញពី​ផ្ទៃ​ព្រះ​ចន្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៣​ធ្នូ​ដើម្បី​វិលត្រឡប់​មក​ផែនដី​វិញ​ដែល​ជា​ការខិតខំ​ប្រឹងប្រែង​ប្រកបដោយ​មហិច្ឆតា​​ក្នុង​ការនាំយក​សំណាក​ព្រះ​ចន្ទ​ដំបូងបង្អស់​របស់​ពិភពលោក​ក្នុង​រយៈពេល​បួន​ទសវត្សរ៍​មក​នេះ​។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កំពុង​ព្យាយាម​តាម​ឱ្យទាន់​សហរដ្ឋ​អាម៉េរិក​និង​រុស្ស៊ី បន្ទាប់ពី​បាន​ប្រឹងប្រែង​បង្កើត​ព្រឹត្តិការណ៍​អវកាស​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​ឆ្នាំ​មកនេះ​។​

​ទូរទស្សន៍​រដ្ឋ​CCTV រាយការណ៍​ថា យាន​អវកាស Chang’e-5 បាន​ចាកចេញ​ពី​ព្រះ​ចន្ទ​នៅ​ម៉ោង ១១ និង ១០ នាទី​យប់ ខណៈ​ដែល​វិស្វករ​បេសកកម្ម​ដែល​បញ្ជា​ពី​ចម្ងាយ​លើ​អេក្រង់ នាំគ្នា​ទះដៃ​អបអរ​។​

​ក្រុមមន្ត្រី​បាន​និយាយ​អំពី​បេសកកម្ម​យាន​ដែល​បាន​ចុះចត​លើ​ព្រះ​ចន្ទ​កាលពី​ថ្ងៃ​អង្គារ​យ៉ាង​ដូច្នេះ​ថា យាន ដែល​បាន​ដឹក​ថ្ម​និង​ដី​ពី​ព្រះ​ចន្ទ ត្រូវ​បាន​បាញ់​បង្ហោះ​ទៅ​ដង​តារាវិថី​តាមរយៈ​ម៉ាស៊ីន​ដ៏​ខ្លាំងក្លា​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​រាយការណ៍​ថា បន្ទាប់​មក​យាន​នេះ​ត្រូវ​ឆ្លងកាត់​ប្រតិបត្តិការ​ភ្ជាប់​ជាមួយ​យានអវកាស​មេ​របស់​វា ដើម្បី​នាំយក​សំណាក​ត្រឡប់មក​ផែនដី​វិញ​។​

​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា សំណាក​ទាំងនេះ​នឹង​ជួយ​ពួកគេ​រៀនសូត្រ​អំពី​ប្រភពដើម ការកកើត​និង សកម្មភាព​ភ្នំភ្លើង​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ​។​

​ប្រសិនបើ​ដំណើរ​វិលត្រឡប់​វិញ​ទទួលបាន​ជោគជ័យ នោះ​ចិន​នឹង​ក្លាយជា​ប្រទេស​ទី​៣ ដែល​បាន​ទៅ​យក​សំណាក​ពី​ព្រះ​ចន្ទ​បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​និង​សហភាពសូវៀត​នៅ​ទសវត្សរ៍ ១៩៦០ និង ១៩៧០៕

​យាន​អវកាស Chang’e-5 ចុះ​យក​សំណាក​លើ​ព្រះ​ចន្ទ​និង​ក្រុម​វិស្វករ​បេសកកម្ម​ដែល​បញ្ជា​ពី​ចម្ងាយ​លើ​អេក្រង់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular