ដោយៈ សរិទ្ធ/ភ្នំពេញៈ បុរស ជាអ្នកបើកបររថយន្តម្នាក់ បានទាក់ទងលួងលោមក្មេងស្រី អាយុ១៣ឆ្នាំម្នាក់ រហូតបានរួមរ័កជាច្រើនលើកនោះ បានត្រូវសមត្ថកិច្ចនគរបាល ខណ្ឌពោធិ៍សែនជ័យ បញ្ជូនមកតុលាការ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការ តាមច្បាប់ ដោយភ្ជាប់សេចក្តីសន្និដ្ឋាន ចោទប្រកាន់ពីបទ រួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ។
សមត្ថកិច្ច បានឱ្យដឹងថាៈ បុរសរូបនេះ ឈ្មោះ មាស សារឿន អាយុ ៥៨ ឆ្នាំ ជាអ្នកបើកបរ រថយន្ត ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានត្រូវសមត្ថកិច្ច ឃាត់ខ្លួន កាលពីម៉ោងប្រមាណ ៦និង៣០នាទីល្ងាច ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅបន្ទប់ជួល ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថាៈ រវាងជនសង្ស័យ និងឪពុកម្ដាយ របស់ក្មេងស្រីមានទំនាក់ ទំនងរាប់អានគ្នា ហើយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ឪពុកម្ដាយក្មេងស្រី បានហៅបុរសនេះ ទៅហូបបាយ នៅផ្ទះរបស់ខ្លួន ជារៀងរាល់ថ្ងៃ ដោយចាត់ទុក ដូចជាសាច់ញាតិដែរ ហើយក៏ពុំដែលគិតថា ត្រូវបុរសនេះ ស៊ីបាយបោកឆ្នាំងដែរ ។ដោយការចេញចូលប្រាស្រ័យ ទាក់ទង បាយទឹកព្រឹកល្ងាច នេះហើយ ដែលធ្វើឲ្យបុរសនោះ បែកគំនិតលូកថ្លើមប្រមាត់ ទាក់ទងលួងលោមកូនស្រី ជាទីស្រឡាញ់របស់ម្ចាស់ផ្ទះ រហូតឈានដល់ត្រូវដងត្រូវផ្លែ និងដឹកដៃគ្នា ចូលទៅរួមមេត្រី បានសម្រេចជាបន្តបន្ទាប់ ចំនួន ៤ ដង ។
ទោះបីជាបែបណា រឿងរ៉ាវស្នេហាខុសវ័យ ដែលខាងស្រីនៅជាអនីតិជននេះ មិនអាចលាក់បាំងបានយូរឡើយ គឺត្រូវឪពុម្ដាយក្មេងស្រី ដឹងរឿង ហើយបានព្រមាន និងហាមឱ្យឈប់ឲ្យទាក់ទងកូនស្រីរបស់គាត់តទៅទៀត ។ ពេលនោះ ពួកគាត់ ក៏មិនបានប្ដឹងផ្ដល់អ្វីដែរ ព្រោះមិនចង់ឲ្យរឿងអាស្រូវនេះ បែកធ្លាយខ្មាសអ្នកស្រុកភូមិ ។ ប៉ុន្តែជននេះ មិនស្ដាប់ឡើយ គឺនៅតែលួចនាំកូនស្រីគាត់ ទៅរួមមេត្រី ជាបន្តបន្ទាប់ទៀត និងបានជួលផ្ទះមួយកន្លែង នៅក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ស្នាក់នៅ ។
លុះមកដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសនេះ បាននាំក្មេងស្រីទៅរួមមេត្រី នៅបន្ទប់ជួលខាងលើទៀត ។ ចំណែកឪពុកម្ដាយនាង បន្ទាប់ពីបាត់កូនស្រី ក៏តាមរកគ្រប់ច្រកល្ហក តែមិនឃើញ ។ រហូតដល់វេលាម៉ោងប្រមាណ ៦និង៣០នាទី ល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ទើបទទួលដំណឹងថា ពួកគេកំពុងនៅជាមួយគ្នា ក្នុងបន្ទប់ជួលខាងលើ ក៏ទៅឃាត់ខ្លួនបុរស ឈ្មោះ មាស សារឿន នេះ នាំទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់ ៕PC