Home ព័ត៌មានអន្តរជាតិ មុន​ចេញពី​តំណ...

មុន​ចេញពី​តំណែង រដ្ឋាភិបាល​អាម៉េរិក​ចាត់ការ​ប្រឆាំង​ចិន​រាល់ថ្ងៃ​ដល់​ថ្នាក់​កាសែត​ចិន​ចេញ​មក​ពន្លះ​អាម៉េរិក​ទាំង​ព្រឹក​

​ប្រែ​សម្រួលៈ​វាសនា​/​សៀង​ហៃ​៖ សារព័ត៌មាន​រដ្ឋ​ចិន​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​បាន​ពន្លះ​អាម៉េរិក​ថា ចំណាត់ការ​របស់​អាម៉េរិក​ដើម្បី​កំហិត​ទិដ្ឋាការ​សមាជិក​បក្ស​កុំម្មុយនីស្ត​ចិន​និង​សមាជិក​ក្រុមគ្រួសារ​របស់​គេ ​រួម​ទាំង​បំរាម​លើ​ការនាំចេញ​អំបោះ​ផលិត​នៅ​តំបន់​ស៊ីន​ជាំ​ង គឺជា​«​សញ្ញា​គួរ​អោយ​ព្រួយបារម្ភ​»​និង​កំពុង​រុញ​ទំនាក់ទំនង​ទ្វេភាគី​ចូលទៅក្នុង​ផ្លូវ​គ្រោះថ្នាក់​មួយ​។​

​នៅក្នុង​បទ​វិចារណកថា​មួយ​ថា កាសែត​រដ្ឋ China Daily​បាន​និយាយ​ខ្លួន​មើលឃើញថា ការផ្លាស់ប្តូរ​ទិដ្ឋាការ​និង​បំរាម​អំបោះ​នេះ គឺជា​កិច្ចខិតខំ​របស់​ពួក​ចូលចិត្ត​បង្ក​រឿង​ជាមួយ​ចិន​នៅ​ក្នុង​រដ្ឋការ​​លោក​ត្រាំ ដើម្បី​ដាក់​ប្រើ​គោលនយោបាយ​របស់​គេ​ស្តី​ពី​ចិន ហួស​អាណិត្ត​របស់គេ​។​

​កាសែត​បាន​និយាយថា​« ទោះជា​រដ្ឋការ​ដែល​នឹង​ចូលកាន់​តំណែង​នាពេលខាងមុខ​មានបំណង​បន្ធូរបន្ថយ​ភាព​តានតឹង​ដែល​ពួក​ក្នុង​រដ្ឋការ​បច្ចុប្បន្ន​បាន​សាប​ព្រួស​ក៏​ការខូចខាត​ខ្លះ​ទំនងជា​នឹង​មាន​​ហួស​ពី​ការ​អាច​ជួសជុល ដូច​ដែល​ប្រធានាធិបតី​ថ្មី​ចង់បាន​។​ការធ្លាក់​ចុះ​កាន់តែ​ដុនដាប​ឡើង​នៃ​ទំនាក់ទំនង​ទ្វេភាគី​បាន​ផ្លាស់ប្តូរ​បរិយាកាស​នយោបាយ​ជា​មូលដ្ឋាន​សំរាប់​គោលនយោបាយ​ចិន​របស់​​អាម៉េរិក​»​។​

​សូមបញ្ជាក់​ថា ទំនាក់ទំនង​រវាង​មហាអំណាច​ផុត​លេខ​ទាំង​២ បាន​ធ្លាក់ចុះ​ដល់​កំរិត​ទាប​បំផុត​ធៀប​នឹង​ទំនាក់ទំនង​នៅក្នុង​រយៈពេល​ប៉ុន្មាន​លើ​បញ្ហា​ដូច​ជា​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា​។​

​រដ្ឋាភិបាល​លោក​ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រកាស​បន្ថយ​រយៈពេល​ទិដ្ឋាការ​សំរាប់​ភ្ញៀវ​ខ្លះ​ដែល​ជា​សមាជិក​បក្ស​កុំម្មុយនីស្ត​ចិន និង​សមាជិក​ជិតដិត​របស់​ពួកគេ​ពី​១០​ឆ្នាំ​មក​នៅត្រឹម​១​ខែ​។​រដ្ឋាភិបាល​​អាម៉េរិក​បាន​និយាយថា ការ​រឹតត្បិត​នេះ​មាន​បំណង​ការពារ​ប្រទេស​ជាតិ​កុំអោយ​នៅ​ក្រោម​ឥទ្ធិពល​អាក្រក់​របស់​បក្ស​កុំម្មុយនីស្ត​ចិន​។​

​មុន​នេះ​មួយ​ថ្ងៃ អាម៉េរិក​បាន​បង្កើន​សម្ពាធ​លើ​តំបន់ស៊ីន​ជាំង​របស់​ចិន ដោយ​ហាម​នាំចូល​អំបោះ​មកពី​តំបន់​មាន​ជនជាតិ​អ៊ីស្លាម​រស់នៅ​ភាគច្រើន​នេះ ដោយសារ​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ហៅ​​ថា ពលកម្ម​បង្ខិតបង្ខំ​លើ​អ្នកទោស​អ៊ីស្លាម​អ៊ុយ​ហ្គួ​រ​។​

​នៅ​ថ្ងៃ​សុក្រ​នេះ រដ្ឋាភិបាល​លោក​ត្រាំ​បាន​បន្ថែម​ក្រុមហ៊ុន​ចិន​៤​ទៀត​ទៅ​ក្នុង​បញ្ជីខ្មៅ​របស់ខ្លួន ដោយ​រួមទាំង​ក្រុមហ៊ុន​ផលិត​ឈីប​កំពូល​Semiconductor Manufacturing International Corporation (SMIC)​និង​ក្រុមហ៊ុន​ប្រេង​China National Offshore Oil Corporation (CNOOC) ដោយសារ​អាម៉េរិក​ចោទថា​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​យោធា​ចិន​។​

​ក្រុមហ៊ុន​២​ទៀត ដែល​ក៏ត្រូវ​ចោទប្រកាន់ថា​មាន​ទំនាក់ទំនង​ជាមួយ​កង​ទ័ព​រំដោះប្រជាជន​ចិន​ដែរ គឺ​ក្រុមហ៊ុន​សំណង China Construction Technology Co. Ltd.​និង China International Engineering Consulting Corporation​។​

​ក្រុមហ៊ុន​ចិន​ដែល​ជាប់​ក្នុង​បញ្ជីខ្មៅ​របស់​អាម៉េរិក​កន្លងមកហើយ​ដែល​សារព័ត៌មាន​Bloomberg បាន​បញ្ចេញ​កាលពី​ខែ​មិថុនា​រួម​មាន ក្រុមហ៊ុន​នាវា សំណង់​និង​បច្ចេកវិទ្យា ព្រម​ទាំង​ក្រុមហ៊ុន​អវកាស​​ច​រណ៍​។​

​ជា​ការឆ្លើយតប រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែង​រិះគន់​ចំណាត់ការ​របស់​អាម៉េរិក​ដោយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិនមាន​ភស្តុតាង​គាំទ្រ​ជំហរ​របស់​ខ្លួន​ទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular