ដោយៈសុផល/ភ្នំពេញ: គិតមកនៅត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ មានអ្នកជំងឺកូវីដ-១៩ ចំនួន៣៣១នាក់។ ក្នុងនោះ៣០៤នាក់ត្រូវបានព្យាបាលជាសះស្បើយ (ជាង៩១ភាគរយ) តែក្នុងនោះ៨នាក់បានបានលាប់មកវិញ តែភាគរយលាប់មកវិញនេះ មានអត្រាទាបបំផុត គឺប្រមាណ២,៦៣ភាគរយប៉ុណ្ណោះ។ នេះបើតាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។
សូមជម្រាបថា លោកសួស យ៉ារ៉ា តំណាងរាស្ត្រ ដែលបានព្យាបាលជាសះស្បើយហើយនោះ បានលាប់ឡើងវិញហើយកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យ។
ទន្ទឹមនឹងនេះ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា៖ «អ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយ អាចមានលទ្ធភាពលាប់ឡើងវិញពីអត្រា១០ទៅ១៥ភាគរយ តែការលាប់ និងអត្រាឆ្លងនេះ មានភាគរយទាបបំផុត ដោយសារមេរោគបានថមថយឥទ្ធិពលចម្លង»។
លោកស្រីបានបញ្ជាក់បន្ថែមថា៖ «វាមិនមែនមិនឆ្លងសោះនោះទេ តែមានអត្រាទាបមែនទែន មិនដូចនៅពេលអ្នកជំងឺទើបឆ្លងដំបូងនិងចេញរោគសញ្ញានោះទេ ។ តែទោះជាយ៉ាងណាក៏ដោយអ្នកដែលជាសះស្បើយហើយ គឺនៅតែត្រូវនៅដាក់ដាច់ដោយឡែកសិនក្នុងរយៈពេល១៤ថ្ងៃ ហើយត្រូវតាមដានសុខភាពនិងមិនអនុញ្ញាតឱ្យចេញទៅក្រៅទៅជួបអ្នកនេះអ្នកនោះឡើយ។ជាពិសេសត្រូវអនុវត្តវិធានការការពារខ្លួនជាប់ជានិច្ច»។
ហេតុអ្វីបានជាកូវីដ១៩លាប់ឡើងវិញ? លោកស្រីវេជ្ជបណ្ឌិត បានពន្យល់ថា៖ «នៅពេលបុគ្គលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ វីរុស ដែលនៅក្នុងខ្លួនគាត់នោះ ខិតខំវ៉ៃលុកក្នុងសរីរាង្គរបស់បុគ្គល ហើយសរីរាង្គរបស់អ្នកជំងឺ ក៏ខិតខំទប់ទល់តបតទៅកូវីដ-១៩វិញ។ ដូច្នេះ ការថែទាំ ការព្យាបាល របស់ក្រុមគ្រូពេទ្យ របបម្ហូបអាហារ (ពិសារឱ្យបានគ្រប់គ្រាន់ ជីវជាតិឱ្យបានគ្រប់គ្រាន់ និងការសំរាន្តឱ្យបានគ្រប់គ្រាន់)ទាំងអស់នេះមានសារៈសំខាន់ណាស់»។
លោកស្រីរដ្ឋលេខាធិការ បានបន្ថែមថា៖ ការសំរាន្តរបស់មនុស្ស សំខាន់ណាស់ គឺដើម្បីកុំឱ្យសរីរាង្គយើងថមថយ និងបានវាយឈ្នះវីរុសកូវីដ១៩និងធ្វើឱ្យកូវីដ១៩ថមថយឥទ្ធិលរបស់វា។ ដោយសារយើងខ្លាំង វីរុសចុះខ្សោយ ហើយបែកខ្ញែក(ងាប់) វានៅសល់តែកំទេចកំទីតូចតាច ដែលជាប្រភេទប្រូតេអ៊ីននៅសល់ក្នុងខ្លួនរបស់យើង (ពេលធ្វើតេស្តមើលមិនឃើញវីរុសទេ)។ តែនៅពេលណាមួយនោះ វីរុសអាចកម្រើកឡើងវិញ។ វាខិតខំងើបមកវិញ នៅពេលនោះហើយដែលយើងធ្វើតេស្តឃើញវីរុសនោះ តែវីរុសលើកនេះ វាអត់ដូចវីរុសពីដំបូងទេ។ វីរុសនេះហើយដែលគេហៅថា «លាប់» ហើយអ្នកជំងឺត្រូវវិលត្រឡប់ទៅព្យាបាលម្តងទៀត ដើម្បីឱ្យសរីរាង្គយើងសង្កត់វីរុសនេះងាប់តែម្តង»៕