ដោយ: មុនីរត្ន / ភ្នំពេញ: សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាឲ្យស្រាវជ្រាវ តាមចាប់ឱ្យបាននូវជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលរត់គេចខ្លួន ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ ។
សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់កំណើនចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំាំ២០២០ ឲ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត ត្រូវជម្រុញចាត់វិធានការបង្កើនការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកតាមផែនការសកម្មភាពលេខ ០០៣/២០ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ របស់អនុគណៈកម្មការទី២ និងតាមបទពិសោធន៍ជាក់ស្តែង ដោយផ្តោតលើ មុខសញ្ញាបង្កគ្រោះថ្នាក់ មូលហេតុនាំឱ្យមានគ្រោះថ្នាក់ ពេលវេលា និងទីកន្លែងដែលកើតឡើងនូវហេតុការណ៍ គ្រោះថ្នាក់ ដើម្បីដាក់ចេញវិធានការឱ្យបានសមស្រប និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយនេះ ត្រូវចាត់ស្រាវជ្រាវ តាមចាប់ឱ្យបាននូវជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលរត់គេចខ្លួន ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោស តាមច្បាប់ និងត្រូវចែករំលែកព័ត៌មាន សាវតារជាតិរបស់ជនបង្កដែលរត់គេចខ្លួន ជូនដល់គ្រប់ក្រុមហ៊ុន សហគ្រាស ទាំងរដ្ឋ និងឯកជនដែលពាក់ព័ន្ធ ឱ្យបានជ្រាប និងចូលរួមសហការបង្កើនការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យមានរបៀបរៀបរយ ដោយធ្វើការរឹតបន្ដឹងអនុវត្តច្បាប់
ចំពោះករណីល្មើសក្នុងការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ ចិញ្ចើមផ្លូវដោយគ្មានការអនុញ្ញាត។ ជាមួយនេះ ត្រូវយកចិត្តទុកដាក់ដោះស្រាយការកកស្ទះចរាចរណ៍ឱ្យកាន់ តែមានប្រសិទ្ធភាពថែមទៀត។ បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យកាន់តែទូលំទូលាយថែមទៀត តាមគ្រប់រូបភាពជាប្រចាំ ដល់គ្រប់មូលដ្ឋាន និងគ្រប់វេទិកាសាធារណៈ ដើម្បីផ្តល់ចំណេះដឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប។ ត្រូវពង្រឹងថែមទៀតនូវប្រព័ន្ធសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក អំពីយន្តការ មធ្យោបាយ និងការទំនាក់ទំនងព័ត៌មាន សំដៅធ្វើការសង្គ្រោះប្រកបដោយជំនាញវិជ្ជាជីវៈ និងបានឆាប់ទាន់ ពេលវេលា។
សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា អនុវត្តតាមទិសដៅការងារសុវត្ថិភាពចរាចរណ៍ដែល គ.ស.ច.គ.បានកំណត់យកឆ្នាំ២០២០ ដើម្បីធ្វើការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គ.ស.ច.គ. បានចង្អុលដឹកនាំដល់កងកម្លាំងនគរបាលចរាចរណ៍ ផ្លូវគោកធ្វើការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ដោយ ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៧៧៨លើក ស្មើ២៣% (២.៦៧៥ ៣.៤៥៣លើក) អ្នកស្លាប់បានថយចុះចំនួន ២៨៨នាក់ ស្មើ១៧% (១.៣៦៨/ ថយចុះចំនួន ១.២០៧នាក់ ស្មើ២៣% (៤.០០៧ / ១,៦៥៦នាក់) និងអ្នករបួស /៥.២១៤នាក់) បើប្រៀបធៀបរយៈពេលដូចគ្នានាឆ្នាំ២០១៩។
គ.ស.ច. គ. សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់បំពេញភារកិច្ច ដ៏ថ្លៃថ្លាប្រកបដោយស្មារតីទទួលខុសត្រូវរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការ និងដឹកជញ្ជូន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការត្រួតពិនិត្យ រឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការផ្សព្វផ្សាយអប់រំច្បាប់ ដែលបាននាំឱ្យទទួលលទ្ធផលជាវិជ្ជមាន។
គ.ស.ច.គ. សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលបានចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រកាន់ខ្ជាប់នូវ ស្មារតីប្រុងប្រយ័ត្ន បើកបរប្រកបដោយសុជីវធម៌ និងការយោគយល់គ្រប់កាលៈទេសៈ។
បើទោះបីស្ថានភាពហាក់ប្រសើរជាងមុនក្ដី ក៏ប៉ុន្តែ គ.ស.ច.គ. ពិនិត្យឃើញថា គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកនៅតែបង្កហានិភ័យខ្ពស់ធៀបទៅនឹងគ្រោះថ្នាក់សង្គមនានា ដែលបណ្តាលឱ្យបាត់បង់ជីវិត រងរបួស ខ្ញុំចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ជីវភាពនៃគ្រួសាររងគ្រោះជាច្រើនទៀតផង។ ដូចនេះដើម្បីកាត់បន្ថយ ហានីភ័យនេះឱ្យថយចុះ និងដើម្បីជំរុញការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យកាន់តែល្អប្រសើរថែមទៀត គ.ស.ច.គ. ដាក់ចេញវិធានការបង្ការ និងទប់ស្កាត់កំណើននៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៕