ដោយ៖តារារិទ្ធ/ភ្នំពេញ ៖ដើម្បីទប់ស្កាត់ការរីករាកដាលនិងឆ្លងជំងឺកូវីដ១៩ ក្រសួងសុខាភិបាលណែនាំឲ្យមានការពង្រឹងការអនុវត្តវិធានការអនាម័យបន្ថែមនិងជាពិសេសនៅតាមផ្សារទំនើប ធនាគារ និង កន្លែងប្រកបអាជីវកម្មផ្សេងៗ ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២០ បានលើកឡើងថាដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់បង្ការការរីករាលដាលច្រើនចូលទៅក្នុងសហគមន៍ក្រសួងសុខាភិបាលសូមធ្វើការណែនាំបន្ថែមជូនដល់អាជីវករនៅផ្សារទំនើបតាមធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗទៀតត្រូវពង្រឹងនិងយកចិត្តទុកដាក់បន្ថែមទៅលើការការពារ បង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ -១៩ នៅពេលជួបជាមួយអតិថិជនទូទៅនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន ដូចខាងក្រោម៖
បុគ្គលិកបម្រើការងារទាំងអស់គ្នាត្រូវពាក់ម៉ាសនិងរបាំងមុខការពារឱ្យបានត្រឹមត្រូវនិងជាប់ជាប្រចាំ ។អតិថិជនទាំងអស់ត្រូវពាក់ម៉ាសវេជ្ជសាស្ត្រឬម៉ាក្រណាត់ឱ្យ បានត្រឹមត្រូវនិងជាប់ជានិច្ចទាំងអស់គ្នា។
ធនាគារ ផ្សារទំនើប និងហាងនីមួយៗត្រូវ៖ បំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃនិងអាល់កុលឬជែលលាងដៃនៅ គ្រប់ច្រកចូល និងដាក់អាល់កុល ឬជែលលាងដៃនៅក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួននិងតម្រូវឱ្យលាងដៃជាញឹកញាប់ ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចូលបន្ទ័ប់ទឹក និងមុនពេលបរិភោគអាហារ ។ល។ រៀបចំទីតាំងឈរ ឬអង្គុយសម្រាប់បុគ្គលិកនិងអតិថិជនរបស់ខ្លួនដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១.៥ ម៉ែត្រ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ។ ដាក់បង្ហាញនូវស្លាកសញ្ញាណែនាំការពាក់ម៉ាស់និងរក្សាអនាម័យដៃស្អាតនិងការណែនាំអនាម័យពេលក្អកកណ្តាស នៅគ្រប់ច្រកចូល និងទីតាំងដែលអាចមើលឃើញទាំងអស់គ្នា។ ធ្វើការតាមដានសីតុណ្ហភាពរាងកាយបុគ្គលិករបស់ខ្លួនជារៀងរាល់ថ្ងៃ យ៉ាងតិច ៣ដង ក្នុង១ថ្ងៃ។
ការធ្វើបដិសណ្ឋារកិច្ចត្រូវធ្វើតាមទំនៀមទំលាប់ប្រពៃណីខ្មែរដោយលើកដៃសំពះ ចៀសវាងការចាប់ដៃគ្នា។ ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងបុគ្គលិកបម្រើការងារទាំងអស់ត្រូវរាយការណ៍ឱ្យបានឆាប់រហ័សជូនដល់ អាជ្ញាធរពាក់ព័ន្ធ ឬក្រុមឆ្លើយតបបន្ទាន់តាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយមិនគិតថ្លៃ រាល់ពេល សង្កេតឃើញមានករណ៏សង្ស័យចូលក្នុងនិយមន័យនៃជំងឺកូវីដ-១៩ (ដែលមានជូនភ្ជាប់មកជាមួយ)។
ជាមួយគ្នានោះដែរក្រសួងសុខាភិបាលសូមអរគុណចំពោះបងប្អូនអាជីវករ និងអតិថិជនទាំងអស់ដែលបានយល់ដឹង និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងពេលកន្លងមក ហើយនឹងបន្តយកចិត្តទុកដាក់ទៅលើវិធានការណែនាំខាងលើ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ជាយថាហេតុ ។
គួរបញ្ជាក់ជូនថាអ្នកពាក់ព័ន្ធនឹងព្រឹតិការណ៍២៨វិច្ឆិកាដែលមានផ្ទុកវីរុសកូវីដ-១៩ ត្រូវបានរកឃើញចំនួន៤នាក់ទៀតហើយនៅថ្ងៃនេះ ។ សរុបទាំង០៤ករណីនេះទៀតអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកាមានចំនួនសរុប២៣នាក់ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៤ខែធ្នូនេះ។
ក្នុងចំណោមអ្នកមានផ្ទុកកូវីដ-១៩ដែលទើបរកឃើញថ្មីចំនួន៤នាក់មាន៣នាក់ជាសាច់ញាតិនឹងបុរសអាយុ ២៣ ឆ្នាំធ្វើការនៅធនាគារចិនដែលបានរកឃើញមានវីរុសកូវីដ-១៩នៅថ្ងៃទី០២ខែធ្នូ ។ អ្នកទាំង៣ នោះរួមមាន៖បុរសជនជាតិខ្មែរអាយុ៣៩ឆ្នាំ,ស្ដ្រីជនជាតិខ្មែរអាយុ៣២ឆ្នាំ,និងកុមារាជនជាតិខ្មែរអាយុ៣ឆ្នាំ។អ្នកទាំង បីរស់នៅលឹមឈាងហាក់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំណែកអ្នកមានផ្ទុកកូវីដ-១៩ ថ្មីដែលទើបរកឃើញមួយករណីទៀតកើតលើបុរសជនជាតិខ្មែរអាយុ ២២ ឆ្នាំមានអាសយដ្ឋាននៅសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ ។ បុរសរូបនេះធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអាយុ ២១ ឆ្នាំដែលបានចូលទៅហាងនោះដែរ។
បើតាមក្រសួងសុខាភិបាលបច្ចុប្បន្នអ្នកទាំង៤នាក់នេះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
គួរកត់សម្គាល់ដែរថានៅក្នុងខែធ្នូនេះក្រសួងសុខាភិបាលបានបើកការធ្វើតេស្តទ្រង់ទ្រាយធំដោយក្នុងនោះមានវត្ថុសំណាកនៅសល់ពីថ្ងៃទី ០១ខែធ្នូ ចំនួន៩៦នាក់ បន្ថែមលើសំណាកទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្តនិងរាជធានីភ្នំពេញសរុបមានចំនួនជាង១ពាន់នាក់ទទួលបានលទ្ធផលវិជ្ជមានចំនួន០៤ករណីគឺករណី ខាងដើម។ ចំណែកសំណាកដែលនៅសេសសល់ក្រសួងនឹងបន្តធ្វើតេស្តបន្ថែមទៀត។
ដោយឡែកបើគិតសរុបចាប់តាំងពីថ្ងៃទី២៩ វិច្ឆិការហូតដល់ថ្ងៃទី ០៣ខែធ្នូ ក្រសួងសុខភិបាលបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួនជិត៩ពាន់៨រយនាក់ដែលក្នុងនោះរកឃើញមានករណីវិជ្ជមានកូវីដ-១៩សរុបចំនួន២៣ករណី។
ចំពោះចំនួនសរុបនៃករណីកូវីដ-១៩វិញ រហូតមកទល់ពេលនេះកម្ពុជារកឃើញមានចំនួន៣៣៥ករណីក្នុងនោះ៣០៤ករណីបានជាសះស្បើយចំណែករណីដែលកំពុងសម្រាកព្យាបាលមានចំនួន៣១ករណី៕