ដោយៈ សរិទ្ធ/កណ្ដាលៈ បុរសម្នាក់ កំពុងជិះកង់ហាត់ប្រាណ ត្រូវរថយន្តធុនធំមួយគ្រឿង បើករេចង្កូត ជ្រុលទៅបុកពីក្រោយ បណ្តាលអោយ រងរបួសធ្ងន់ បាក់ភ្លៅខាងស្ដាំ កាលពីវេលាម៉ោង ៥ និង៥៥នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវជាតិ លេខ២១B ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាល ក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អ៊ុក រ៉ាស៊ី អាយុ៤៥ឆ្នាំ រស់នៅភូមិចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសបាក់ភ្លៅ ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះ បន្ទាន់។ ចំណែកអ្នកបើករថយន្ត ឈ្មោះ ថូយ វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើករថយន្តដឹកទំនិញធុនធំ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-3634 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន (ស៊ីហ៊រហ៊ុយ) ។
ដោយឡែក បើសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញ ជនរងគ្រោះ កំពុងជិះកង់គួក ដើម្បីហាត់ប្រាណ តាមបណ្ដោយផ្លូវជាតិ លេខ២១B ក្នុងទិសដៅពីត្បូងទៅជើង ។ ដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែមានរថយន្ត មួយគ្រឿង មកបុកពីក្រោយ បណ្ដាលឲ្យបាក់ភ្លៅខាងស្ដាំ តែម្ដង ។ ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្ត ត្រូវប្រជាពលរដ្ឋ និងក្រុមអ្នកជិះកង់ហាត់ប្រាណ ឃាត់ខ្លួនប្រគល់ អោយសមត្ថកិច្ច បញ្ជូនមកកាន់អធិការដ្ឋាន នគបាលក្រុងតាខ្មៅ ។ រីឯរថយន្តបង្ក និងកង់រងការខូចខាត មន្ត្រីប៉ូលិសចរាចរណ៍ ដឹកមករក្សា ទុកជាវត្ថុតាង រង់ចាំដោះស្រាយ នៅពេលក្រោយ ៕PC