Home ព័ត៌មានជាតិ សង្គម ស្ត្រី​ម្នាក់...

ស្ត្រី​ម្នាក់​ដែល​ប្តី​រត់ចោល​ទៅ​មាន​ស្រី​ថ្មី​បាន​ឈឺពោះ​សម្រាលកូន​ម្នាក់ឯង​នៅក្នុង​បន្ទប់ទឹក​

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ស្ត្រី​វ័យ​២៥​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​ប្តី​រត់ចោល​ទៅ​មាន​ស្រី​ថ្មី​បាន​ឈឺពោះ​សម្រាលកូន​ម្នាក់ឯង​នៅក្នុង​បន្ទប់ទឹក កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ប៉ុន្តែ​ត្រូវបាន​អង្គភាព​៧១១​មកជួយ​សង្គ្រោះ​ទាន់ពេលវេលា និង​បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង​។​

​ស្ត្រី​ដែល​សម្រាលកូន​នេះ​ឈ្មោះ កែម ស្រី​និ​ច អាយុ​២៥​ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ចំណុច​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ឈើទាល​ក្រោម ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​ស្ត្រី​រូបនេះ​បាន​ឲ្យ​ដឹងថា នាង​បាន​រៀបការ​អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លងមកហើយ​។ ប៉ុន្តែ​ប្តី​របស់​នាង រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ទេ លួច​មាន​ស្រី​ថ្មី ហើយ​នាំ​ស្រី​ថ្មី​នោះ​ទៅ​បាត់អស់​រយៈពេល​ច្រើន​ខែ​មកហើយ ទុក​ឲ្យ​នាង​រស់នៅ​ជា​ស្ត្រី​ម៉េ​ម៉ា​យ​ពពោះ​តែម្នាក់ឯង​ជាមួយ​មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ក្រោម​ដំបូល​ផ្ទះជួល​ទាំង​ជីវភាព​ខ្វះខាត រហូតដល់​ពោះធំ​គ្រប់​ខែ​ទៅហើយ តែ​មិន​ចាំ​ថា​ថ្ងៃ​ណា​។

ម្យ៉ាងទៀត​ដោយសារតែ​នាង​គ្មាន​លុយកាក់​ផង ទើប​មិនបាន​ត្រៀមខ្លួន​។ លុះ​មកដល់​រសៀល​ថ្ងៃនេះ ក៏​ស្រាប់តែ​កើតមាន​អាការ​ឈឺ​ចុកសៀត​ពោះ ក៏​ចូល​បន្ទប់ទឹក​បែរជា​បែក​ទឹកភ្លោះ​សម្រាលកូន​តែម្តង​។ បន្ទាប់មក​ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​និង​រាយការណ៍​ទៅ​អង្គភាព​៧១១ ដើម្បី​សុំ​ការជួយ​សង្គ្រោះ និង​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង​។ ដោយសារ​នាង​ជីវភាព​ខ្វះខាត​ក្រុមការងារ​សង្គ្រោះ​៧១១ ក៏បានផ្តល់​ជា​អំណោយ​និង​ថវិកា​មួយចំនួន​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular