Home ព័ត៌មានជាតិ នយោបាយ ​សម្តេច​តេ​ជោ...

​សម្តេច​តេ​ជោ ហ៊ុន សែន​៖​ការប្រយុទ្ធប្រឆាំងនឹងកូ​វីដ​-១៩ មិនគួរ​ក្លាយជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​ទេ

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ៤​ខែវិច្ឆិកា​នេះ​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​តាមរយៈ​វីដេអូ​នៅក្នុង​សម័យប្រជុំ​ពិសេស​លើក​ទី​៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ស្ដីពី «​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩» ។ ចំពោះ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រទេស​នានា​កុំឱ្យ​យក​បញ្ហា​នេះ​ធ្វើជា​របៀបវារៈ​ភូមិសាស្ដ្រ​ន​យោ បាយ​របស់ខ្លួន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា​៖«​កម្ពុជា​យល់ឃើញថា​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ មិនគួរ​ត្រូវបាន​ប្រទេស​ណាមួយ​ឆ្លៀត​យកមកអនុវត្ត​ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​ឡើយ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា​៖​ការធ្វើ​នយោបាយ​របស់​ប្រទេស​ណាមួយ​លើ​បញ្ហា​សុខភាព​សាធារណៈ​និង​បរិហារ​ប្រទេស​នោះ​លើ​សមត្ថ ភាព​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​មិនមាន​ប្រយោជន៍​អ្វី​ដល់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​នេះឡើយ​។​ផ្ទុយ​មកវិញ​សម្តេច​តេ​ជោ​បញ្ជាក់ថា គឺ​សាមគ្គីភាព និង ឯកភាពគ្នា​ក្នុង​តំបន់​និង​ជា​សាកល​ឯណោះ​ទេ​ដែលជា​ធាតុ​សកម្ម​មិនអាច​ខ្វះ​បាន​នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​១៩​នេះ​។​

​សម្រាប់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​៖​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ជា​លក្ខណៈ​សកល​បែបនេះ​ទាមទារ​នូវ​ការសម្រេចចិត្ត​រួមគ្នា​,​ប្រកបដោយ​ភាព ហ្មត់ចត់​,​ក្រោម​យន្តការ​ពហុភាគី​និយម​,​និង​ការគោរព​ច្បាប់​អន្តរជាតិ​,​គោរព​អធិបតេយ្យភាព​របស់រ​ដ្ឋ​នីមួយៗ​,​ទោះជា​រដ្ឋ​នោះ​ធំ​ឬ​តូច​,​មាន​ឬ​ក្រ​ក៏ដោយ​, ដោយមាន អ​.​ស​.​ប និង អង្គការ​សុខភាព​ពិភពលោក​ជា​ស្នូល ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​គូសបញ្ជាក់​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​របស់​កម្ពុជា​ចំពោះ​តួនាទី​របស់ អ​.​ស​.​ប និង អង្គការ​សុខភាព​ពិភពលោក​ក្នុង​កិច្ចប្រឹងប្រែង​ជាស​កល​ចំពោះ​ការឆ្លើយតប​និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​នេះ ។​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឆ្លៀត ឱកាស​នេះ​លើសពីនេះ​គូសបញ្ជាក់​អំពី​សារៈសំខាន់​និង​ភាពចាំបាច់​បំផុត​សម្រាប់​ការ​ធានាថា​វ៉ាក់សាំង​ដែល​ត្រូវបាន​រកឃើញ​គឺជា​ទំនិញ​សាធារណៈ​និង​មាន​ចរិត សកល​ដែល​នឹង​ត្រូវបាន​ផ្គត់ផ្គង់​និង​ចែកចាយ​ក្នុង​ស្មារតី​មនុស្សធម៌​ទៅដល់​គ្រប់​ប្រទេស​ទាំងអស់​ជាពិសេស​ចំពោះ​ប្រទេស​ដែល​ងាយ​រង​-​គ្រោះ​បំផុត ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular