ដោយៈប.ខុន/ភ្នំពេញៈលោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៤ខែធ្នូឆ្នាំ២០២០នេះថា ទឹកនៅសល់តាមប្រព័ន្ធធារាសាស្ត្រសំខាន់ៗ បន្ទាប់ពីដំណាំស្រូវវស្សាលែងត្រូវការ មានសក្តានុពលអាចផ្គត់ផ្គង់ដល់ការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០២០-២០២១ លើផ្ទៃដីប្រមាណជាង៥០ម៉ឺនហិកតា នៅទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យដឹងថានៅចុងរដូវវស្សា នេះមានភ្លៀងធ្លាក់គ្រប់គ្រាន់ ធ្វើឱ្យទឹកដែលរក្សាទុកនៅក្នុងប្រព័ន្ធធារាសាស្ត្រនានាមាន នៅសល់ច្រើនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដុះស្រូវប្រាំងនៅពេលខាងមុខ។ ទោះជាយ៉ាងណា ការធ្វើស្រូវប្រាំងត្រូវបានអនុញ្ញាត្តិឱ្យធ្វើទៅ តាមបរិមាណទឹកដែលមាននៅសល់ក្នុងតំបន់នីមួយៗ។
លោកចាន់ យុត្ថា និយាយឱ្យដឹងថាដំណាំស្រូវវស្សាឆ្នាំ២០២០ជួបបញ្ហាខ្វះទឹកបានកើតមាននៅដើមរដូវ និងកណ្តាលរដូវ តែនៅចុងរដូវខេត្តខ្លះលើសទឹក ធ្វើ ឱ្យសល់ទឹកសម្រាប់ធ្វើស្រូវប្រាំងបន្តដោយមិនចាំបាច់អន្តរាគមន៍ ។ តែនៅពេល នេះការងារអន្តរាគមន៍បូមទឹក បានចាប់ផ្តើមបញ្ជូនទឹកចេញពីប្រព័ន្ធដាក់ចូលទៅ តំបន់ដែលមិនទាន់មានប្រឡាយគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ការដាំដុះស្រូវប្រាំង។
ការងារបង្កបង្កើផលស្រូវប្រាំងសម្រាប់ឆ្នាំ២០២០-២០២១ ដែលបានដាក់ចេញដោយរដ្ឋបាលរាជ-ធានី ខេត្ត ចំនួន២១មានចំនួន ៤៤២.៤៩៥ហិកតាគិតមក ដល់ត្រឹមដំណាច់ខែវិច្ឆិកា អនុវត្តបាន២១០.១៦០ហិកតាស្មើប្រមាណជា៤៧,៤៩ ភាគរយនៃផែនការហើយ។
តាកែវជាខេត្តមានផ្ទៃដីផលិតស្រូវប្រាំងច្រើនជាងគេរហូតដល់ចំនួន៨ម៉ឺនហិកតា បន្ទាប់គឺខេត្តព្រៃវែង ចំនួន៧៥.០០០ហិកតា ខេត្តកណ្តាលមានចំនួន ៥៥.៤០០ហិកតា និងខេត្តកំពង់ចាមចំនួន៤២.០០០ហិកតា ក្រៅពីនេះមានចំនួនក្រោមបីម៉ឺនហិកតា៕