ដោយៈ សរិទ្ធ/ព្រះសីហនុៈ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ បានដកហូតឱសថ បំប៉នសុខភាព ដែលហួសកាល បរិច្ឆេទប្រើប្រាស់ សរុបចំនួន ៤ កុងតឺន័រ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។
ដោយមានការស្នើសុំកិច្ចសហការ ពីសាខាគយ និងរដ្ឋាករកម្ពុជា មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ សហការត្រួតពិនិត្យ និងវាយតម្លៃគុណភាព ផលិតផលឱសថបំប៉ន សុខភាព មានប្រភពមកពីប្រទេសក្រៅ ចំនួន ៤កុងតឺន័រ របស់ក្រុមហ៊ុន JIN HAE INVESTMENT CO.,LTD។
ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានត្រួតពិនិត្យលើផលិតផល ឱសថបំប៉ន សុខភាព រួមមាន៖ OCTA-Z ចំនួន ៣០ ប៉ាឡែត ស្មើនឹង ១២៦ កេស, CHANGE ចំនួន ២ ប៉ាឡែត ស្មើនឹង ៤៨ កេស, YA HWANG SAM ចំនួន ៤ ប៉ាឡែត ស្មើនឹង ៩៦ កេស, GAN BO HO ចំនួន ២ ប៉ាឡែត ស្មើនឹង ៦០ កេស សរុបទាំងអស់ស្មើនឹង ៣៣០ កេស។
ក្រោយពីការត្រួតពិនិត្យរួចមក ជាលទ្ធផលផលិតផល បំប៉នសុខភាព ខាងលើ ហួសកាល បរិច្ឆេទ ប្រើប្រាស់ទាំងអស់។ បន្ទាប់មក សមត្ថកិច្ចចម្រុះ បានកិបសៀ លើទូកុងតឺន័រ រក្សាទុកនៅទីលានកំពង់ផែ និងរង់ចាំម្ចាស់ទំនិញ ចូលមកដោះស្រាយ តាមនីតិវិធី៕PC