ដោយៈ សរិទ្ធ / ភ្នំពេញៈ កម្លាំងចម្រុះរបស់ខណ្ឌបឹងកេងកង បានសហការជាមួយ កម្លាំងក្រសួងសុខាភិបាល និងកម្លាំងអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានចុះពិនិត្យស្រាវជ្រាវ រកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅទីតាំងលក់សម្ភារប្រើប្រាស់ ឈ្មោះ ផេត្រូ សប (Pedro) ស្ថិតនៅផ្លូវព្រះសីហនុ កែងផ្លូវលេខ៥៧ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
ជាលទ្ធផល នៅក្នុងសកម្មភាព ចុះពិនិត្យស្រាវជ្រាវ រកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅទីតាំងនេះ គឺធ្វើតេស្តយកសំណាក បានចំនួន ៣៦ នាក់ ស្រី១៤នាក់ ហើយអ្នកធ្វើតេស្តទាំងអស់ ត្រូវបានក្រសួងសុខាភិបាល ធ្វើចត្តាឡីស័ក។ ចំពោះទីតាំង ខាងលើ ត្រូវបានផ្អាក ជាបណ្ដោះអាសន្ន និងរង់ចាំការអនុញ្ញាត ពីក្រសួងសុខាភិបាល ទើបអាចបើកដំណើរការវិញបាន។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានរកឃើញមនុស្ស ចំនួន ៤ នាក់បន្ថែមទៀត ដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា” គឺទី១, បុរសជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ បូរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិក នៅហាងលក់កុំព្យូទ័រ ឈ្មោះ ឌីមកុំព្យូទ័រ ផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ដែលត្រូវជាបងថ្លៃជីដូនមួយ របស់បុរសអាយុ ២៣ ឆ្នាំ ដែលបានរកឃើញ មានវីរុសកូវីដ-១៩ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។ ទី២. ស្ត្រីជនជាតិខ្មែរ អាយុ ៣២ ឆ្នាំ ជាភរិយាបុរស អាយុ ៣៩ ឆ្នាំ ខាងលើ មានអាសយដ្ឋានស្នាក់នៅ បូរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាបងប្អូនជីដូនមួយ បុរសអាយុ ២៣ ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៥ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។ ទី៣. កុមារា ជនជាតិខ្មែរ អាយុ ៣ ឆ្នាំ ជាកូនប្រុស របស់បុរស អាយុ ៣៩ឆ្នាំ និងស្ត្រីអាយុ ៣២ឆ្នាំ ខាងលើ មានអាសយដ្ឋាន ស្នាក់នៅ បូរីលឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវជាក្មួយប្រុស បុរសអាយុ ២៣ ឆ្នាំ ដែលបានរកឃើញ វីរុសកូវីដ-១៥ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។ ទី៤. បុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ មានអាសយដ្ឋាន នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺជាស្ត្រីអាយុ២១ឆ្នាំ ដែលបានចូលទៅហាងនោះដែរ។ បច្ចុប្បន្ន អ្នកជំងឺ ដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត៕/V