ដោយៈ មុនី រ័ត្ន / ភ្នំពេញៈ អង្គការឃែ បានផ្តល់សំភារៈមួយចំនួន ដល់មន្ទីរកិច្ចការនារី រាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ការពារ ទប់ស្កាត់ការ ឆ្លងរាលដាល ជំងឺកូវីដ១៩។ សំភារដែលអង្គការ ឃែ ឧបត្ថម្ភដល់ មន្ទីរកិច្ចការនារី រាជធានីភ្នំពេញ រួមមាន ម៉ាស ជែល និងសាប៊ូសម្រាប់លាងដៃ សម្លាប់មេរោគ។ ការផ្តល់នេះ បានធ្វើឡើង នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។
សំភារទាំងនោះ មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានផ្តល់ជូនមន្ត្រីបំរើការ នៅក្នុងមន្ទីរ និងផ្តល់ទៅខណ្ឌចំនួន ២ ទៀត មានខណ្ឌសែនសុខ (ចំនួន២ សង្កាត់ រួមមាន សង្កាត់សង្កាត់ទឹកថ្លា និងសង្កាត់ភ្នំពេញថ្មី) និងខណ្ឌពោធិ៍សែនជ័យ ចំនួន២សង្កាត់ (សង្កាត់កាកាបទី២ និងសង្កាត់ចោមចៅទី១)។
លោកស្រី កាន់ រតនៈឧប្បល ប្រធានមន្ទីរកិច្ចការនារី រាជធានីភ្នំពេញ បានអំណរគុណ ដល់អង្គការឃែ ប្រចាំនៅកម្ពុជា ដែលមានកិច្ចសហការយ៉ាងល្អ និងបានផ្តល់សំភារការពារជំងឺកូវីត១៩ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលជាការចូលរួម ទប់ស្កាត់ជំងឺកូវីត ១៩ នៅកម្ពុជា ឲ្យទទួលបានជោគជ័យ។
ជាមួយគ្នានោះដែរ លោកស្រី បានរំលឹកថាៈ “យើងគ្រប់គ្នា អាចភ្លេចកូវីដ ១៩បាន តែកូវីដ១៩ មិនដែលភ្លេចយើងទេ ដូច្នេះយើងត្រូវបន្តអនុវត្តវិធាន ការពារអនាម័យ ឲ្យបានត្រឹមត្រូវជាប្រចាំ”។ លោកស្រី កាន់ រតនៈឧប្បល បានមានប្រសាសន៍ លើកទឹកចិត្តដល់ ប្រជាពលរដ្ឋទាំងអស់ និងខណ្ឌគោលដៅ សូមបន្តអនុវត្ត និងបង្កើននូវការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ទាំងអស់គ្នា ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយគ្រប់ៗគ្នា ត្រូវអនុវត្តតាមវិធានអនាម័យ របស់ក្រសួងសុខាភិបាល ដែលបានណែនាំ ដូចជា លាងដៃជាមួយសាប៊ូ អាកុលឬជែល ពាក់ម៉ាស ពេលទៅទីប្រជុំជននានា និងហាត់ប្រាណ ក៏ដូចជាបន្តរក្សាគម្លាតសង្គម ពីគ្នា ១ម៉ែត្រកន្លះ និងវាស់កំដៅជាប្រចាំ៕/V