ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពយល់ព្រម តាមសំណើរបស់ក្រសួងសុខាភិបាល លើការអនុវត្តវិធានការ សុខាភិបាល និងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរទាំងអស់ ដែលចូលមកប្រទេសកម្ពុជា។ ការឯកភាពនេះ បានធ្វើឡើង បន្ទាប់ពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានដាក់លិខិតស្នើសុំភ្លាមៗ ដោយតាមយោងស្មារតី កិច្ចប្រជុំចង្អៀតបន្ទាន់ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះ ។
លោក ម៉ម ប៊ុនហេង បានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាៈ ការស្នើសុំនេះ ក្នុងគោលបំណងពិនិត្យ និងពិភាក្សា លើការអនុវត្តវិធានការ សុខាភិបាល និងការធ្វើចត្តាឡីស័ក ចំពោះ អ្នកដំណើរ ចូលមកប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ-១៩ ជាពិសេសពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ដោយថ្លឹងថ្លែងពីផលប៉ះពាល់ លើសុខភាពសាធារណៈ និងសេដ្ឋកិច្ច។ អង្គប្រជុំ បានស្តាប់របាយការណ៍សង្ខេប អំពីការគ្រប់គ្រង និងបិទបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា និងការវិវឌ្ឍ នៃព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ព្រមទាំងការងារអប់រំ ផ្សព្វផ្សាយ បណ្តុះបណ្តាល ទំនាក់ទំនងហានិភ័យ និងការសហការជាមួយ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់។
លោករដ្ឋមន្ត្រី បានបន្តថាៈ បន្ទាប់ពីបានអនុវត្តសេចក្តីជូនដំណឹង លេខ ២២៦ សខល ស្តីពីការកែសម្រួលលក្ខខណ្ឌ ធ្វើដំណើរចូលមកប្រទេសកម្ពុជា ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារ បានពិនិត្យឃើញថា អ្នកដំណើរបរទេស ជាវិនិយោគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ និងអ្នកបច្ចេកទេស ដែលទទួលបានការធានា បានធ្វើចត្តាឡីស័ក រង់ចាំលទ្ធផលតេស្តកូវីដ-១៩ រយៈពេល ២ថ្ងៃ រួចចេញទៅ បំពេញកិច្ចការ របស់ខ្លួន ដោយរួមមានទាំងការជួបប្រជុំ ជាមួយឥស្សរជនសំខាន់ៗ ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលអាចបង្កជាហានិភ័យ នៃការចម្លងវីរុសកូវីដ -១៩ ជាពិសេសស្ថានភាពបច្ចុប្បន្ន ចំពោះមុខនៃ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
ដូច្នេះអង្គប្រជុំ បានឯកភាព សូមគោរពស្នើសុំការសម្រេច ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី នូវការអនុវត្តវិធានការ ដូចខាងក្រោម៖
– អនុវត្តវិធានការ ចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ពេញលេញ ចំពោះគ្រប់អ្នកដំណើរទាំងអស់ ដែលចូលមកព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានធ្វើតេស្ត ពេលមកដល់កម្ពុជា។ អ្នកដំណើរទាំងនោះ ក៏ត្រូវមាន វិញ្ញាបនបត្រ បញ្ជាក់សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខាភិបាល ទទួលស្គាល់ដោយ ប្រទេសសាមី បញ្ជាក់ថា គ្មានកូវីដ-១៩ មានសុពលភាព រយៈពេល ៧២ ម៉ោង មុនពេលចេញដំណើរ។
– ផ្អាកជាបណ្តោះអាសន្ន នូវការអនុវត្តយន្តការធានា (Sponsorship Mechanism) ចំពោះអ្នកដំណើរ បរទេសជាវិនិយោគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ និងអ្នកបច្ចេកទេស ដែលទទួលបានការ ធានា ចូលមកប្រទេសកម្ពុជា រយៈពេលតិចជាង ១៤ ថ្ងៃ រហូតដល់ស្ថានភាព នៃការរីករាលដាល ជំងឺកូវីដ-១៩ មានភាពធូរស្រាល និងទទួលបានការឯកភាព ដ៏ខ្ពង់ខ្ពស់ជាថ្មី ពីសម្តេចតេជោនាយករដ្ឋមន្ត្រី។
– បង្ហាញអត្តសញ្ញាណ អ្នកជំងឺកូដ-១៩ បន្ទាប់ពីទទួលបាន លទ្ធផលតេស្តកូវីដ-១៩ វិជ្ជមាន ភ្លាម តាមបណ្តាញផ្សព្វផ្សាយផ្លូវការ របស់ក្រសួងសុខាភិបាល ដើម្បីងាយស្រួល ក្នុងការស្វែងរកអ្នកពាក់ព័ន្ធ ឲ្យបានឆាប់រហ័ស ដើម្បីបង្កលក្ខណៈ ឱ្យអ្នកមានការពាក់ព័ន្ធនឹង អ្នកជំងឺកូវីដ-១៩ ចេញមុខទាក់ទងមក ក្រសួងសុខាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ។ ក្នុងករណីបង្ហាញឈ្មោះនេះ ក៏មានសមាជិកខ្លះ លើកឡើងអំពី បញ្ហាសិទ្ធិឯកជនរបស់បុគ្គល។
– ស្នើសុំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជួយក្នុងការយកសំណាក និងការងារ អប់រំ ផ្សព្វផ្សាយ បណ្តុះបណ្តាល សហគមន៍។
ចំពោះការស្នើសុំនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចារឯកភាព លើការស្នើសុំខាងលើនេះ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល៕/V
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល ស្នើសុំសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើការអនុវត្តវិធានការ សុខាភិបាល និងការធ្វើចត្តាឡីស័ក ចំពោះ អ្នកដំណើរ ចូលមកប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ-១៩
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចារឯកភាព លើការស្នើសុំ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល