Home ព័ត៌មានជាតិ សង្គម សហរដ្ឋអាមេរិក...

សហរដ្ឋអាមេរិក​បាន​ផ្តល់​ថវិកា​ចំនួន​ជាង ១១​លាន​ដុល្លា ជា​ជំនួយ​ទាក់ទង​នឹង​មេរោគ​កូ​វីដ ដល់​ប្រទេស​កម្ពុជា

ដោយ​:​សុផល / ភ្នំពេញ​: គិត​ចាប់តាំងពី​ជំងឺ​រាតត្បាត​ជា​សាកល នេះ​បានចាប់ផ្តើម​កើតមាន សហរដ្ឋអាមេរិក​បាន​ផ្តល់​ថវិកា​ចំនួន​ជាង ១១ លាន​ដុល្លារ ជា​ជំនួយ​ទាក់ទង​នឹង​មេរោគ​កូ​វីដ ដល់​ប្រទេស​កម្ពុជា ដែលជា​ចំនួន​លើសពី​ចំនួន​ផ្តល់​ដោយ​ប្រទេស​ជា​ដៃគូ​ដទៃ​ណា​ទាំងអស់​។ នេះ​បើតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​

​ទីភ្នាក់ងារ​ការពារ និង​កម្ចាត់​ជំងឺ​របស់​សហរដ្ឋអាមេរិក និង​ទីភ្នាក់ងារ​ផ្នែក​សុខភាព​សាធារណៈ​ដទៃទៀត របស់​សហរដ្ឋអាមេរិក មាន​ភាពជា​ដៃគូ​ដ៏​យូរ ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា និង​អង្គការ​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ដោយ​រួមមាន​កម្មវិធី​កសាង​សមត្ថភាព​ក្នុងការ​តាមរក​អ្នកមាន​ការពាក់ព័ន្ធ និង​អង្កេត​មើលជំងឺ​ឆ្លង​។ ស្ថានទូត​សហរដ្ឋអាមេរិក និង​បុគ្គលិក​របស់ខ្លួន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន តាម​គោល​ណែនាំ​ទាំងអស់​ទាក់ទង​នឹង​សុខភាព​សាធារណៈ របស់​ប្រទេស​កម្ពុជា​។

​ប្រភព​ស្ថានទូត​បានឱ្យដឹង​ទៀតថា​:​ភាពជា​ដៃគូ​របស់​យើង​ជាមួយនឹង​ប្រជាជន​កម្ពុ​ជាមាន​ច្រើន​រូបភាព​។ តាមពិតទៅ សូម្បីតែ នៅក្នុង​អំឡុងពេល​នៃ​រោគរាតត្បាត​ជា​សាកល​នេះ​ក្តី ក៏​សហរដ្ឋអាមេរិក​បានរួម​ចំណែក​នូវ​ថវិកា​ចំនួន ៧០០ ០០០ ដុល្លា ដែរ សម្រាប់​បំពេញ តម្រូវការ​ក្នុង​គ្រា​បន្ទាន់ នៅតាម​សហគមន៍ ដែល​រង​ការប៉ះពាល់​ដោយ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​។

​តាំងពី​ឆ្នាំ ១៩៩២ មក សហរដ្ឋអាមេរិក​បាន​ចំណាយ​ថវិកា​អស់​ចំនួន​ជាង ២ ពាន់​លាន​ដុល្លា នៅ​កម្ពុជា តាមរយៈ​កម្មវិធី​ដែល​រួមមាន​កម្មវិធី​លើកកម្ពស់​សុខភាព ការអប់រំ កសិកម្ម ការការពារ​បរិស្ថាន ការពង្រឹង​អភិបាលកិច្ច និង​សិទ្ធិមនុស្ស ហើយ​យើង នៅតែមាន​ការប្តេជ្ញាចិត្ត​ក្នុង​ការផ្តល់​ការគាំទ្រ ដល់​សេចក្តីប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ដែល​ចង់​ឲ្យ​មាន​អនាគត​មួយ​ប្រកបទៅដោយ​សុខភាព​ល្អ វិបុលភាព និង​លទ្ធិប្រជាធិបតេយ្យ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular