Home ព័ត៌មានអន្តរជាតិ ប៉ូលិស​ហ្វីលី...

ប៉ូលិស​ហ្វីលីពីន​គំរាម​យក​រំពាត់​វាយ​អ្នក​ល្មើស​គម្លាត​សង្គម​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ម៉ានីល ៖ ប៉ូលិស​ហ្វីលីពីន​កាលពី​ថ្ងៃ​សុក្រ​ទី​០៤​ធ្នូ​បាន​គំរាម​យក​រំពាត់​វាយ​មនុស្ស​ដែល​ល្មើស​នឹង​វិធានការ​រក្សា​គម្លាត​សង្គម​ខណៈ​ដែល​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​កំពុង​​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូ​ណា​នៅ​ក្នុងរ​ដូវ​បុណ្យ​ណូអែល​។​

​ហ្វីលីពីន​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​យូរ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក ដោយ​ចាប់ផ្តើម​តាំងពី​ដើម​ខែ​កញ្ញា ហើយ​ហ្វូង​មនុស្ស​បាន​ចាប់ផ្តើម​ប្រមូលផ្តុំ​គ្នា​នៅ​តាម​ផ្សារ​ទំនើប​ធំៗ និង​មជ្ឈមណ្ឌល​ទិញ​អីវ៉ាន់ ទោះបីជា​មាន​ការ​រាតត្បាត​ពី​ជំងឺ​កូវី​ដ​១៩​ជា​ខ្លាំង​យ៉ាងណា​ក៏ដោយ​។​

​លោក សេ​សា ប៊ី​ណាក មេបញ្ជាការ​ប៉ូលិស​នៃ​ក្រុម​ការងារ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ប៉ូលិស​និង​ទាហាន​នឹង​ដើរល្បាត​នៅតាម​ទី​សាធារណៈ​ក្នុង​រដ្ឋធានី​ម៉ានីល​ដែលជា​ចំណុច​​ក្តៅ​នៃ​កូ​វីដ​១៩ ដោយ​កាន់​រំពាត់ផ្តៅ​ប្រវែង​១ ម៉ែត្រ​ដើម្បី​វាស់​គម្លាត​រវាង​ប្រជាជន​។

​លោក​ឧត្តមសេនីយ៍ប៊ី​ណាក​និយាយថា “​រំពាត់​អាច​ត្រូវ​ប្រើ​ដើម្បី​វាយ​ទៅលើ​ជន​ក្បាល​រឹង​” ដោយ​បន្ថែម​ថា “​ការ​យាមល្បាត​អំពី​ការរក្សា​គម្លាត​សង្គម​”​នឹង​ផ្តោត​លើ​តំបន់​ដែល​មាន​ចរាចរណ៍​ខ្ពស់​ដូច​ជា​មណ្ឌល​​ដឹកជញ្ជូន​និង​ផ្សារ​សាធារណៈ​។​

​ផែនការ​នេះ​ទំនង​ជា​នាំឱ្យមាន​ក្តីបារម្ភ​ក្នុងចំណោម​អង្គការ​ការពារ​សិទ្ធិមនុស្ស ដែល​បាន​រិះគន់​វិធីសាស្ត្រ​បែប​យោធានិយម​របស់​រដ្ឋាភិបាល​ចំពោះ​ជំងឺ​រាតត្បាត​។​

​ទិន្នន័យ​របស់​ប៉ូលិស​បាន​បង្ហាញថា អាជ្ញាធរ​បាន​ចាប់​ព្រមាន​និង​ផ្តន្ទាទោស​មនុស្ស​ប្រហែល ៧០០.០០០ នាក់​ចាប់​តាំងពី​ខែ​មីនា​មក​ពី​បទ​រំលោភ​លើ​វិធានការ​នានា​ដូចជា ការ​មិន​រក្សា​គម្លាត​ពីគ្នា និង ការ​មិន​ពាក់​ម៉ាស់​៕

ប៉ូលិស​គំរាម​ប្រើ​រំពាត់ផ្តៅ​វាយ​អ្នក​ក្បាលរឹង​មិន​ព្រម​រក្សា​គម្លាត​ពីគ្នា ចំ​ពេល​ប្រជាជន​ចាប់ផ្តើម​ប្រមូលផ្តុំ​គ្នា​នៅ​តាម​ផ្សារ​ទំនើប​ធំៗ និង​មជ្ឈមណ្ឌល​ទិញ​អីវ៉ាន់​ដើម្បី​អបអរ​បុណ្យ​ណូអែល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular