ប្រែសម្រួល : កញ្ញាដាលីស/ហ្សាការតា ៖ ឥណ្ឌូនេស៊ីបានរាយការណ៍ថាមានការកើនឡើងខ្ពស់បំផុតនៃការឆ្លងកូវីដ១៩ប្រចាំថ្ងៃ ដែលប្រទេសនេះមិនធ្លាប់ឃើញពីមុនគឺ ៨.៣៦៩ ករណីថ្មីក្នុងមួយថ្ងៃ ដោយបំបែកកំណត់ត្រារាល់ការឆ្លងប្រចាំថ្ងៃទាំងឡាយតាំងពីមុនមក។
ការផ្ទុះឡើងករណីឆ្លងចុងក្រោយបង្អស់ដែលរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (ទី ៣ ធ្នូ) បាននាំឱ្យចំនួនករណីឆ្លងសរុបទូទាំងប្រទេសកើនដល់ ៥៥៧.៨៧៧ ករណី ក្នុងនោះស្លាប់ ១៧.៣៥៥ នាក់ និងជាសះស្បើយ ៤៦២.៥៥៣ នាក់។
ខេត្តប៉ាពួកត់ត្រាករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃក្នុងប្រទេសប្រជុំកោះនេះ ដោយមានករណីបន្ថែមចំនួន ១.៧៧៥ ។ ការកើនឡើងគួរឱ្យកត់សម្គាល់ក៏ត្រូវបានរាយការណ៍នៅក្នុងខេត្តជ្វាខាងលិចនិងទីក្រុងហ្សាការតាផងដែរ គឺ ១.៦៤៨ ករណីនិង ១.១៥៣ ករណីរៀងៗខ្លួន។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រុមការងារជាតិទប់ស្កាត់កូវីដ១៩ លោក វីគូ អាឌីសាស្មីតូចាត់ទុកការកើនឡើងនៃចំនួនករណីឆ្លងដោយសារការធ្វើទិន្នន័យមិនទាន់ពេលវេលារវាងរដ្ឋាភិបាលកណ្តាលនិងរដ្ឋបាលតាមតំបន់។
លោកបានជំរុញបន្ថែមទៀតដល់ថ្នាក់ដឹកនាំតាមតំបន់ឱ្យរាយការណ៍ឱ្យបានទាន់ហេតុការណ៍អំពីករណីកូវីដ១៩ដែលមាននៅក្នុងសហគមន៍រៀងៗខ្លួនទៅរដ្ឋាភិបាលកណ្តាលដើម្បីធានានូវភាពត្រឹមត្រូវជាងមុន៕
ឥណ្ឌូនេស៊ីកត់ត្រាករណីឆ្លងកូវីដ១៩សរុបទូទាំងប្រទេសចំនួន ៥៥៧.៨៧៧ ករណី ជាករណីឆ្លងខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍