ដោយៈសរិទ្ធ/ភ្នំពេញៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីម្នាក់ដែល បានបង្ហោះក្នុងគណនីហ្វេសប៊ុក របស់ខ្លួនមានខ្លឹមសារថា “ផ្សារជម្ពូវ័នបិទហើយ អ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ និងបងប្អូនគាត់៥នាក់ទៀតក៏បានឆ្លងដែរ” តាមបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គស្នងការស្តីទី ឆៃ ស៊ីណារិទ្ធ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីយកមកធ្វើការសាកសួរ។
ស្ត្រីរូបនេះឈ្មោះឈិន មន្ថា អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ១២ ផ្លូវSK05 បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ មានមុខរបរជាអ្នកលក់អនឡាញ ដែលមានផេកឈ្មោះ MC Cosmetic។
សមត្ថកិច្ចបានបញ្ជាក់ថាកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ម្ចាស់គណនីឈ្មោះ Ka Piink បានបង្ហោះក្នុងគណនីរបស់ខ្លួនដែលមានខ្លឹមសារថា “ផ្សារជម្ពូវ័នបិទហើយ អ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ និងបងប្អូនគាត់៥នាក់ទៀតក៏បានឆ្លងដែរ”។ បន្ទាប់មកមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នាជាច្រើន ដោយខ្លឹមសារនេះគឺផ្ទុយពីការពិតទាំងស្រុង។ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២រសៀល កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់គណនីខាងលើ ដើម្បីយកមកបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ។
ចំពោះមុខសមត្ថកិច្ចស្ត្រីឈ្មោះ ឈិន មន្ថា ដែលជាម្ចាស់គណនីនេះ បានសារភាពថា ខ្លួនពិតជាបានបង្ហោះព័ត៌មានដែលមានខ្លឹមសារដូចខាងលើនោះមែន ដោយខ្លួនបានទទួលសារពីមិត្តភក្តិតាម Messenger ហើយដោយខ្វះការពិចារណា ខ្លួនក៏បានបង្ហោះព័ត៌មាននេះទៅក្នុងគណនីផ្ទាល់របស់ខ្លួន។ ប៉ុន្តែ បន្ទាប់មកខ្លួនក៏បានលុបចេញវិញដោយមានអ្នកប្រាប់ថាព័ត៌មាននេះមិនពិតទេ ហើយខ្លួនមិនបានដឹងថាមានអ្នកយកទៅចែកចាយបន្តយ៉ាងច្រើនដែលធ្វើឱ្យមានការភាន់ច្រឡំពីមហាជន។ ស្ត្រីឈ្មោះ ឈិន មន្ថា ក៏បានធ្វើការសុំអភ័យទោស និងសន្យាថាឈប់ចែកចាយព័ត៌មានណាដែលមិនមានប្រភពច្បាស់លាស់ទៀតហើយ៕