ដោយៈ សុផល/ភ្នំពេញៈ នៅថ្ងៃទី៥ ធ្នូនេះ ជាខួបនៃទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ដែលជា ទិវារម្លឹកពីអ្នកស្ម័គ្រចិត្ត ជួយប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុតជាមួយ កាកបាទក្រហមកម្ពុជា។ ការប្រារព្ធទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២០នេះ ប្រារព្ធធ្វើឡើង ក្រោមប្រធានបទ “ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន” ។
ក្នុងឱកាសនេះ កាកបាទក្រហមកម្ពុជា ដែលមានអ្នកស្ម័គ្រចិត្ត ប្រមាណជាង ៥ ម៉ឺននាក់ ទូទាំងប្រទេស សូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងមោះមុត ចំពោះប្រធានបទ “ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន” និងសូមអំពាវនាវ និងលើកទឹកចិត្ត ប្រជាពលរដ្ឋទូទាំង ប្រទេស រួមគ្នាដោយស្ម័គ្រចិត្ត ចងជាកម្លាំងសាមគ្គីភាព ចែករំលែកដោយក្តីស្រឡាញ់ និងស្នាមញញឹម ដើម្បីជួយប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុតជាមួយ កាកបាទក្រហមកម្ពុជា។
កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណ ចំពោះ គណៈកិត្តិយសសាខា-អនុសាខា គណៈកម្មាធិការសាខា-អនុសាខា មន្ត្រី បុគ្គលិកយុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចំណាយ ពេលវេលា ធនធាន ថវិកា សម្ភារ ដើម្បីជួយដល់ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត បានពេលវេលា។
កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះក្រសួង មន្ទីរ ស្ថាប័ននានា និងសប្បុរសជន ដែលតែងគាំទ្រនូវ សកម្មមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា៕PC