ដោយៈ អង្គារ៍ហេង/ភ្នំពេញៈ ស្ត្រីបុគ្គលិកផ្នែកលក់ ក្រុមហ៊ុនអ៊ីងជូហ្គោណា នៅផ្សារម៉ាក្រូ ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត យកប្រាក់ក្រុមហ៊ុន ចំនួន ៩.២១៤,៨៧ ដុល្លារ។ ស្ត្រីនេះ បានត្រូវឃាត់ខ្លួន ធ្វើ កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងក្រុមហ៊ុន អ៊ីងជូហ្គោណា នៅផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ច បានឲ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ទូច បុព្វត្តា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្នែកលក់ ក្រុមហ៊ុនអ៊ីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ Bouillot Gauhtier Jacques Marie ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិជប៉ុន មុខរបរ ប្រធានក្រុមហ៊ុនអ៊ីងជូហ្គោណា ផ្សារម៉ាក្រូ ស្នាក់ផ្ទះជួលលេខ១៧ ផ្លូវ៣២២ សង្កាត់បឹង កេងកង១ ខណ្ឌចំការមន កាន់លិខិតឆ្លងដែនលេខ 17FV24534 ។
ប្រភពពីដើមបណ្តឹង បានឲ្យសមត្ថកិច្ចដឹងថាៈ ស្ត្រីជាជនសង្ស័យ បានយកលុយរបស់ ក្រុមហ៊ុនអ៊ីងជូហ្គោណា នៅផ្សារម៉ាក្រូ ចំនួន ៩.២១៤,៨៧ ដុល្លារអាម៉េរិក ដោយគ្មាន ការអនុញ្ញាត ទើបគាត់ដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចឃាត់ខ្លួន។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្ត តាមនីតិវិធី៕PC